Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក «ជួប សម្លាប់» ប្រាប់មេធាវីថា លោកមិនទាន់សម្រេចចិត្តប្តឹងទៅឧទ្ធរណ៍ ឬយ៉ាងណានៅឡើយទេ

29-03-2017 11:13

(ភ្នំពេញ)៖ លោក អឿត អាង ហៅ «ជួប សម្លាប់» ដែលជាឃាតកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនោះ នៅថ្ងៃពុធនេះ បានអះអាងថា លោកនៅមិនទាន់សម្រេចចិត្តនៅឡើយទេថា ត្រូវប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ឬទទួលយកសាលក្រមតុលាការដែលផ្តន្ទាទោសលោក ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាម លោក យុង ផានិត មេធាវីការពារក្តីរបស់ លោក អឿត អាង។

លោក យុង ផានិត នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានទៅសួរសុខទុក្ខ លោក អឿត អាង ហៅជួបសម្លាប់ នៅក្នុងពន្ធនាគារព្រៃស ដើម្បីផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងសាកសួរអំពីការសម្រេចចិត្តរបស់គាត់ថា ត្រូវប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ឬក៏ទទួលយកការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញ។

លោក យុង ផានិត បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានជួបពិភាក្សានោះ លោក អឿត អាង បានប្រាប់ លោក យ៉ុង ផានិតថា លោកសុំពេលគិតមួយរយៈ ហើយលោកនឹងផ្តល់ដំណឹងជូនតាមក្រោយ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ២០១៧ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានប្រកាសសាលក្រមផ្តន្ទា​ទោស​ជនជាប់ចោទ​ អឿត អាង ហៅជួបសម្លាប់ ឱ្យជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ ពាក់ព័ន្ធ​ឃាតកម្ម​លើ​ លោក​បណ្ឌិត​ កែម​ ឡី​ នៅក្នុងស្តាម៉ាតបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក ជួប សម្លាប់ ត្រូវបានតុលាការក្រុងភ្នំពេញ ​ចោទប្រកាន់ចំនួន២បទល្លើសរួមមាន​៖ បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​បទ​រក្សា​ទុក​អាវុធ​ខុសច្បាប់​។

ក្នុងសវនាការជាបន្តបន្ទាប់​នាពេលកន្លង​ទៅ​ ជនជាប់ចោទ​ អឿត​ អាង​ បានសារភាពថា​ ខ្លួន​ពិត​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ពិត​ប្រាកដ​មែន​ ហើយ​សកម្មភាព​នេះ​គឺ​ខ្លួន​ធ្វើ​តែ​ម្នាក់ឯង​ ពុំ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នោះ​ទេ​ បើ​ទោះបី​ជា​ក្រុម​គ្រួសារ​នៃ​សព​មិន​ជឿ​ក៏​ដោយ​។ ជនជាប់ចោទ​ ជួប​ សម្លាប់​ អះអាង​ទៀត​ថា​ មូលហេតុ​ដែល​ខ្លួន​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ព្រោះ​ខឹង​នឹង​ជនរងគ្រោះ​ដែល​ជំពាក់​ប្រាក់ចំនួន​​៣០០០ដុល្លារ​ មិន​ព្រម​សង​ ទើប​ខ្លួន​ធ្វើ​សកម្មភាព​បែប​នេះ​តែ​ម្តង​។

ទោះជាយ៉ាងណា បន្ទាប់ពីប្រកាសសាលក្រម កាត់ទោសឃាតក ជួប​ សម្លាប់ អស់មួយជីវិតនោះ តុលាការក្រុងភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះ ទៅជាសំណុំរឿងថ្មីមួយទៀត ដោយប្រកាសបើកការស៊ើបអង្កេតទៅលើអ្នកផ្តល់អាវុធឱ្យ លោក អឿត អាង ដើម្បីសម្លាប់លោក កែម ឡី និងអ្នកដែលនាំឃាតក ជួប សម្លាប់ មកស្គាល់លោក កែម ឡី ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ យុង​ ផានិត​៕