(ភ្នំពេញ)៖ បុរសជាមន្រ្តីនគរបាលម្នាក់ ត្រូវប្អូនថ្លៃរបស់ខ្លួនយកប៉័ងតោទៅកាប់លើខ្លួនយ៉ាងដំណំ បន្ទាប់ពីមានរឿងរកាំរកូសទាស់សម្ដីគ្នា អស់ប៉ុន្មានថ្ងៃមក បង្កឱ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលប៉ុស្តិ៍ចោមចៅបានឱ្យដឹងថា ជនបង្កត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ មានឈ្មោះ ឈុន សេងហៀង អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ផ្ទះភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះ វណ្ណ ចាន់ដារាវុធ អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅផ្ទះជួលភូមិព្រៃល្វា សង្កាត់ចោមចៅ ស្រុកកំណើតនៅភូមិច្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីនគរបាលបានឱ្យដឹងថា មុនពេលកើតហេតុគឺបងប្អូនថ្លៃ២នាក់នេះ មានទំនាស់ជាមួយគ្នាជាបន្តបន្ទាប់រហូតមក និងប៉ះទង្គិចហិង្សាពាក្យសម្តីជេរម្តាយគ្នាទៅវិញទៅមក អស់ប៉ុន្មានថ្ងៃមកហើយ រហូតប្អូនថ្លៃទ្រាំលេងបានក៏ទាញកាំបិតប៉័ងតោ មកកាប់ប្រហារ និងខាំបងថ្លៃ បណ្តាលឱ្យរងរបួសកដៃទាំងសងខាង និងស្នាមខាំក្រោមក្លៀកយ៉ាងដំណំ។
ក្រោយកើតហេតុ កម្លាំងនគរបាលចុះទៅវាយខ្នោះប្អូនថ្លៃ ជាជនបង្ក មកប៉ុស្តិ៍នគរបាលចោមចៅ ចាត់ការតាមផ្លូវច្បាប់៕