(ភ្នំពេញ)៖ ក្នុងគោលបំណងចែករំលែកចំណេះដឹង ទៅកាន់មាតាបិតា និងអាណាព្យាបាលស្តីអំពីការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ ទាំងផ្នែករូបសាស្រ្ត និងចិត្តសាស្រ្ត ព្រមទាំងសារៈសំខាន់នៃអាហារូបត្ថម្ភ សម្រាប់កុមារក្នុងវ័យកំពុងលូតលាស់ ក្រុមហ៊ុន «ឌុយមិចកម្ពុជា» បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ថ្ងៃចូលរៀនដំបូង» នៅមជ្ឈមណ្ឌលឃីតស៊ីធី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីសំណាក់មាតាបិតាជាង២៥០នាក់ ដែលមានកូន អាយុលើសពី ២ឆ្នាំ ឡើងទៅ។
លោកស្រី ហុង ស្រីយក់កែម ប្រធានផ្នែកទីផ្សារប្រចាំឌុយមិចកម្ពុជា បានបញ្ជាក់ប្រាប់ថា Danone Nutricia ជាក្រុមហ៊ុនឈានមុខគេមួយ ផ្នែកអាហារូបត្ថម្ភ សម្រាប់អាយុកាលដំបូងនៅអឺរ៉ុប ដែលបេសកកម្មរបស់យើងគឺ «ស្ថិតនៅជិតអ្នកម្តាយ ដើម្បីចិញ្ចឹមបីបាច់ជីវិតថ្មី» ដោយជំរុញណែនាំអាហារូបត្ថម្ភ ដែលមានសុខភាពល្អ តាមរយៈកម្មវិធី អប់រំនិងសេវាកម្មរបស់យើង។
យើងប្តេជ្ញាចូលរួមលើកកម្ពស់ សុខភាពរបស់មនុស្ស នាពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការផ្តល់នូវអាហារូបត្ថម្ភ តាំងពីអាយុកាលដំបូង ដោយការយកចិត្តទុកដាក់ខ្ពស់ ការយល់ច្បាស់ពី តំរូវការរបស់មាតាបិតា ព្រមទាំងភាពស្ទាត់ជំនាញរបស់យើង។
លោកសាស្រ្តាចារ្យ ជាន សុផល វេជ្ជបណ្ឌិតឯកទេសកុមារ នៃមន្ទីរពេទ្យកុមារជាតិ បានណែនាំឲ្យមាតាបិតា យកចិត្តទុកដាក់ លើការលូតលាស់ និងការអភិវឌ្ឍព្រមទាំងផ្តល់នូវរបបអាហារ និងអាហារូបត្ថម្ភសំរាប់ ការលូតលាស់របស់កូន។ ក្នុងនោះដែរ លោកស្រី សុខ ផាណែត អ្នកជំនាញចិត្តសាស្រ្តកុមារ នៃអង្គការ TPO ក៏បានចែករំលែក ពីកត្តាចិត្តសាស្រ្ត និងវិធីសាស្រ្តក្នុងការចិញ្ចឹមបីបាច់កុមារ ប្រកបដោយប្រសិទ្ធិភាពផងដែរ។
សិក្ខាសាលាអប់រំនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការក្រើនរំឭកមាតាបិតា ពីដំណាក់កាលនៃការលូតលាស់កុមារ ដែលជះឥទ្ធិពល ក្នុងការកសាងជីវិតរស់នៅ របស់ពួកគេទៅពេលអនាគត។
«ឌុយមិចកម្ពុជា» នឹងមានរៀបចំកម្មវិធីសិក្ខាសាលាបែបនេះ ជាបន្តបន្ទាប់ ដើម្បីចូលរួមអប់រំមាតាបិតា អំពីសារៈសំខាន់នៃ អាហារូបត្ថម្ភ សម្រាប់កុមារក្នុងវ័យ កំពុងលូតលាស់។
ដើម្បីចូលរួមសិក្ខាសាលា «ថ្ងៃចូលរៀនដំបូង» សូមទំនាក់ទំនងចុះឈ្មោះ ដោយឥតគិតថ្លៃតាមរយ:លេខទូរស័ព្ទ ១៨០០-២១២-១៦០/០២៣ ២២ ៣៣ ៨៨/០១២ ២២២ ១៦០
លិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល ឲ្យប្រើប្រាស់ខ្លឹមសារលេខ១៧២អបស/ឱអបស ចុះថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧ អស់សុពលភាព ថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០១៧៕