(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បាននិងកំពុងធ្លាក់ខ្លួន ឈឺធ្ងន់ ហើយកំពុងទទួល​ការសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីស បានធ្វើឲ្យប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស មានការបារម្ភចំពោះស្ថានភាព ជំងឺរបស់លោក និងបានសុំបួងសួងដល់វត្ថុសក្តិសិទ្ធិតាមជួយថែរក្សា និងសុំឲ្យលោកបានឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានមកជួយសង្គ្រោះជីវិត កុមារកម្ពុជាជាបន្តទៀត ព្រោះកម្ពុជាត្រូវការរូបលោកខ្លាំងណាស់។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែមីនានេះបានឲ្យដឹងថា ស្ថាបនិក និងប្រធាន មន្ទីរពេទ្យមនុស្សធម៌ដ៏ធំនៅកម្ពុជាគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បាននឹងកំពុងទទួលរងនូវជំងឺជាទំងន់ ដែលកំពុងសម្រាក ព្យាបាលនៅប្រទេសស្វីស ហើយលោកនឹងលាលែងពី​តំណែងនាពេលខាងមុខ ដោយនឹងត្រូវប្រគល់តួនាទីជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ន។

មហាជនជាច្រើនអនេកបាន Comment នៅលើ Facebook ជាមួយខ្លឹមសារមួយចំនួនយ៉ាងដូច្នេះថា៖

* សូមវត្ថស័ក្តិសិទ្ឋិស្រុកខ្មែរជួយតាមថែរក្សា គាត់ជៀសឆ្ងាយពីគ្រោះចង្រាយទាំងអស់ ដើម្បីឲ្យគាត់បានបន្តជួយដល់កូនទៀត

* Please recovery soon my hero?love u? ខ្ញុំបារម្ភពីវីរះបុរស beat richner ណាស់??គាត់មានគុណលើកុមារកម្ពុជា ច្រើនណាស់រួមទាំងខ្ញុំដែរ?ចាំបានកាលនៅតូចគ្រប់ពេលដែលខ្ញុំឈឺ ម៉ាក់តែងតែយកខ្ញុំមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា?។

* សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយជួយ គ្រងរក្សាលោកឲ្យជាសះស្បើយពីរោគាឆាប់ៗនេះផង។

* សូមជូនពរឲ្យលោកវេជ្ជបណ្ឌិតឆាប់ទទួលបាននូវសុខភាពល្អឡើងវិញ ប្រទេសខ្ញុំត្រុវការមនុស្សល្អដូចជាលោកពូណាស់។

* សូមជូនពរឲ្យលោកវេជ្ជបណ្ឌិតឆាប់ទទួលបាននូវសុខភាពល្អឡើងវិញ ប្រទេសខ្ញុំត្រុវការមនុស្សល្អដូចជាលោក លោកជាពេទ្យទេវតា សំរាបប្រជាជនកម្ពុជា!

* ដំណឹងដ៏គួរឲ្យស្តាយមួយឆាកជីវិត គាត់គឺជាបណ្ឌិតពិតប្រាកដ ហើយជាទីគោរពផងដែរ។ គាត់បានលះបង់មួយជីវិតគាត់ជូនក្មេងៗ ពិសេសគឺកុមារខ្មែរ តើមានអ្នកណាមួយអាចធ្វើបានដូចគាត់ទេ?

* លោកសាងល្អធ្វើល្អជាមួយប្រទេសខ្មែរបានច្រើនណាស់ ពួកយើងមិនភ្លេចគុណលោកទេ សូមឲ្យទេវតាជួយថែរក្សាឲ្យលោកឆាប់ជាអាយុវែង។

* គាត់មានគុណបំណាច់ធំធេងណាស់ដែលបានជួយព្យាបាលកូនខ្មែររាប់លាននាក់(ឮដំណឹងសោកស្តាយ)

* សូមលោកឆាប់ជា ប្រទេសខ្ញុំ ប្រជាជនខ្ញុំត្រូវការមនុស្សដូចលោក លោកលះបង់ជីវិតលោកសព្វបែបយ៉ាងដើម្បីប្រជាជនខ្ញុំ ប្រជាជនខ្ញុំបើកន្លងមក គ្មានលោកជួបបញ្ញាច្រើនណាស់ លោកពលីសព្វបែបយ៉ាង ដើម្បីប្រជាជនខ្ញុំ។ សូមព្រះជាម្ចាស់ប្រទានពរលោកមកមាន សុខភាពដូចដើមវិញ Amen។

* សូមជូនពរឲ្យលោកវេជ្ជបណ្ឌិតឆាប់ជាសះស្បើយអំពីជំងឺ កូនខ្មែរត្រូវការលោកណាស់។

* សូមជូនពរឲ្យលោកវេជ្ជបណ្ឌិតឆាប់ទទួលបាននូវសុខភាពល្អឡើងវិញ ប្រទេសខ្ញុំត្រុវការមនុស្សល្អដូចជាលោកពូណាស់

នៅមានយ៉ាងច្រើនទៀត....។ល។


នៅក្នុងសេចក្តីប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងដែរថា បើទោះបីលោកវេជ្ជបណ្ឌិត Rechner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តី តែមន្ទីរពេទ្យនៅតែដំណើរការជាធម្មតាជាមួយបុគ្គលិកប្រមាណ២៥០០រូប។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជាមួយការទទួលបានព័ត៌មាន​នៃការវាយប្រហារ​ដោយជំងឺ​យ៉ាងធ្ងន់​លើស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផានេះ, លោករដ្ឋមន្រ្តី សូមជូនពរ​លោកវេជ្ជបណ្ឌិត Richner ឲ្យទទួលបានជោគជ័យក្នុងព្យាបាល និងឆាប់បានជាសះស្បើយ។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានចាត់ទុកលោកវេជ្ជបណ្ឌិត Richner ជាបុគ្គលដែលបានជួយសង្រ្គោះជីវិតកុមារកម្ពុជា បានយ៉ាងច្រើន។ លោក ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាលនឹងបន្តធ្វើការយ៉ាងស្អិតល្មួតជាមួយប្រធានមន្ទីរពេទ្យគន្ធបុប្ផាថ្មី លោក វេជ្ជបណ្ឌិត Peter Studer។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធបុប្ផាជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិការជាង ៥០០លានដុល្លារ សម្រាប់ការព្យាបាល ក្នុងនោះប្រមាណ ៤០០លានដុល្លារ បានមកពីសប្បុរសជននៅប្រទេសស្វីស និងប្រមាណ ៧ភាគរយជាការចូលរួមរបស់ រាជរដ្ឋាភិបាលកម្ពុជា ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា៤លានដុល្លារ ជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួម របស់សប្បុរសជនក្នុង និងក្រៅស្រុកដទៃទៀតផងដែរ៕