(តូក្យូ)៖ ឱកាសប្រជែងកៅអី ដើម្បីធ្វើដំណើរឆ្ពោះទៅព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីឆ្នាំក្រោយនេះ ត្រូវបានរលត់រលាយហើយសម្រាប់ក្រុមខ្លាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ថៃ បន្ទាប់ពី បន្តចាញ់ម្ចាស់ផ្ទះជប៉ុន ៤-០ យប់មិញទៀត។
ថៃជាក្រុមតែមួយគត់ដែលបានឆ្លងចូលវគ្គជម្រុះ World Cup 2018 ក្នុងជុំទី៣ ប្រចាំទ្វីបអាស៊ី (AFC) ក្នុងចំណោម១២ ក្រុមខ្លាំងដែលត្រូវបានចែកចេញជា២ពូល ដោយក្នុង១ពូលមាន ៦ក្រុម តែក្រុមដំរីថៃស្ថិតក្នុងពូល B រួមមាន ជប៉ុន អារ៉ាប់ប៊ីសាអូឌីត អូស្រ្តាលី អារ៉ាប់រួម និងអ៊ីរ៉ាក់ ដោយឆ្លងកាត់៧ប្រកួតមិនដែលឈ្នះសោះ និងស្មើម្តង មាន១ពិន្ទុ ឈរនៅបាតតារាង។
ការជួបទល់នឹងក្រុមខ្លាំងប្រចាំទ្វីបអាស៊ី សាម៉ូរៃជប៉ុនយប់នេះ ថៃក៏មានឱកាសបំប៉ោងសំណាញ់ទីម្ចាស់ផ្ទះជប៉ុនជាច្រើន លើកច្រើនសារផងដែរ តែធ្វើមិនបានល្អសោះ បូករួមទាំងបានបាល់ប៉េណាល់ទី១គ្រាប់ផងដែរ នៅនាទីទី៨៥ តែត្រូវបានអ្នកចាំទីជប៉ុនជួយសង្រ្គោះបាននៅក្នុងពហុកីឡដ្ឋាន Saitama Stadium 2002 ស្ថិតក្នុងទីក្រុង Saitama ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណ ៥៩០០៣នាក់។
កីឡាករខ្សែប្រយុទ្ធមកពីក្លឹប Borussia Dortmund របស់អាល្លឺម៉ង់ Shinji Kagawa បានស៊ុតគ្រាប់បំបែកពងមាន់នៅ នាទីទី៨ មុនពេលមិត្តរួមក្រុមមកពីក្លឹប Leicester City របស់អង់គ្លេស Shiji Okazaki រកបានគ្រាប់ទី២ នៅ១១នាទី បន្ទាប់ និងកីឡាករ Kubo និង Yoshida រកបានម្នាក់១គ្រាប់ដូចគ្នានៅនាទីទី៥៧ និង ៨៣។
៣ប្រកួតបង្រ្គប់កិច្ចដែលនៅសល់សម្រាប់ថៃ គឺត្រូវជួបក្រុមអារ៉ាប់រួម (UAE) ក្រុមជម្រើសជាតិអ៊ីរ៉ាក់ និងកង់ហ្គូរូអូស្រ្តាលី៕