(ភ្នំពេញ)៖ ឡដុតកុលាលភាជន៍ខ្មែរសម័យអង្គរ ត្រូវបានរៀបចំសាងសង់ឡើងវិញ ហើយក៏នឹងត្រូវដាក់តាំងបង្ហាញក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើម្បីលើកកម្ពស់វិស័យសិល្បៈ ឧស្សាហកម្ម និងវប្បធម៌ខ្មែរពីសម័យបុរាណ ឲ្យប្រជាពលរដ្ឋបានសិក្សា និងយល់ដឹងឲ្យកាន់តែស៊ីជម្រៅ។ ឡនេះមានទីតាំងនៅបរិវេណ «ភូមិខ្ញុំ» ហើយនឹងបើកឲ្យសាធារណជនចូលទស្សនា ក្នុងថ្ងៃព្រឹត្តិការណ៍អង្គរសង្រ្គាន្ត ដែលនឹងប្រព្រឹត្តិទៅនៅខែមេសាខាងមុខនេះ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ឡដុតកុលាលភាជន៍ ដែលបានសាងសង់នេះ គឺជាប្រភេទឡ យកគំរូតាមឡបុរាណដើម សម័យអង្គរ ជាប្រភេទឡខ្នាតតូចមួយ ដែលអ្នកស្រាវ ជ្រាវបានធ្វើកំណាយស្រាវជ្រាវរកឃើញ។ លោកបន្ថែមថា ការសង់ឡដុតកុលាលភាជន៍នេះ គឺក្នុងន័យបង្ហាញដល់សាធារណជនឲ្យបានឃើញ និងស្គាល់ថា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរសម័យបុរាណជាច្រើន គឺកើតចេញពីឡមួយនេះ។

បើតាមការបញ្ជាក់ពី លោក ដារិទ្ធ ក្រៅពីបានឃើញរូបរាងឡហើយនោះ សាធារណជនដែលចូលរួមទស្សនានៅថ្ងៃអង្គរសង្រ្កាន្ត ក៏នឹងបានយល់ដឹងពីបច្ចេកទេសធ្វើកុលាលភាជន៍ផងដែរ។ ជារួមពួកគេអាចរៀនអំពីបច្ចេកទេសធ្វើកុលាលភាជន៍ពីអ្នកជំនាញផ្ទាល់នៅទីនោះ។

ងៀកមកមើលឡដុតកុលាលភាជន៍វិញ អ្នកជំនាញពន្យល់ថា ឡថ្មីនេះត្រូវបានសង់ឡើងនៅលើដីទួលមួយ ដោយចាក់ដីកម្ពស់ប្រហែល ៣ម៉ែត្រ និងមានសង់ជាជម្រាលចុះក្រោម។ ដំណាក់កាលដំបូង គេរៀបចំបាតឡដោយក្រាលដីឥដ្ឋ បន្ទាប់មកគេដំឡើងគ្រោងឆ្អឹងធ្វើពីឫស្សី ហើយសង់សសរនៅកណ្តាលឡ ដើម្បីទប់ដំបូល ដែលមានរាងកោង។ បន្ទាប់មកទៀត គេបៀកដីឥដ្ឋទាំងផ្នែកខាងលើ និងខាងក្រោមគ្រោងឆ្អឹងឫស្សី ដើម្បីទប់កុំឲ្យវាធ្លាក់ ឬ ជ្រុះ។ ឡនេះមានទំហំទទឹង ១,៨០ម៉ែត្រ បណ្តោយ ៦,៥០ម៉ែត្រ និង កម្ពស់ប្រហែល ១,២០ម៉ែត្រ។

តាមការបកស្រាយរបស់លោក ដារិទ្ធ ដែលជាអ្នកសិក្សាស្រាវជ្រាវផ្នែកកុលាលភាជន៍ បានឲ្យដឹងទៀតថា នៅសម័យបុរាណ ក្រៅពីប្រទេសកម្ពុជា ក្នុងនោះក៏មានប្រទេសជិតខាងមួយចំនួន មានបច្ចេកទេសធ្វើឡដុតកុលាលភាជន៍ដូចគ្នាដែរដូចជា ប្រទេស ភូមា ថៃ ឡាវ និងវៀតណាម។ ទោះជាយ៉ាងណា លោក ដារិទ្ធ បញ្ជាក់ថា ខ្មែរមានបច្ចេកទេសខ្ពស់ ដែលអាចធ្វើឲ្យកុលាលភាជន៍មានភាពរឹង ស្រទាប់រលោងមានគុណភាពល្អ និងប្លែកខុសពីគេ។ ឡដុតកុលាលភាជន៍មានការវិវឌ្ឍន៍ខ្លាំងនៅសម័យអង្គរ ចាប់ពីសតវត្សទី៩ ដល់ទី១៥។

ឡដុតកុលាលភាជន៍ ដែលអ្នកបុរាណវិទ្យាបានរកឃើញនៅក្បែរប្រាសាទទ័ពជ័យ គឺជាឡ ដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ហើយមានបណ្តោយ ២១ម៉ែត្រ និងទទឹង ៣,២០ម៉ែត្រ។ កុលាលភាជន៍ជាសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងពិធីសាសនារបស់ពលរដ្ឋខ្មែរនៅសម័យបុរាណ ដែលគេប្រើវាសម្រាប់ដាក់បាយ ចម្អិនម្ហូប ដាក់ទឹក និងស្រា។ល៕