(ភ្នំពេញ)៖ យ៉ាងហោចណាស់មានបុរសជនជាតិកូរ៉េម្នាក់ បានសន្លប់ស្តូកស្តឹងដេកលើផ្លូវ ខណៈ៤នាក់ទៀត ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីចូលច្រៀងផឹកស៉ីស្រវឹងទាស់សំដីគ្នា នៅក្នុងខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្តាយផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ហេតុការណ៍ឈ្លោះប្រកែក និងវាយគ្នាផ្អើលពេញផ្លូវនេះ កើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។

សាក្សីដែលនៅកន្លែងកើតហេតុបានរាយការណ៍ថា ជនជាតិកូរ៉េទាំង៥នាក់នោះ បានចូលច្រៀងផឹកស៉ីក្នុងខារ៉ាអូខេ កូរ៉េ តាំងពីយប់មិញមកម្ល៉េះ ប៉ុន្តែនៅព្រឹកនេះ មិនដឹងផឹកស៉ីឈ្លោះប្រកែកគ្នារឿងអ្វី ក៏ឈានដល់វាយបំផ្លាញរបស់របរក្នុងហាង ហើយចេញមកក្រៅវាយគ្នាថែមទៀត រហូតដល់មានជនជាតិកូរ៉េម្នាក់ សន្លប់ដេកលើផ្លូវ។

សាក្សីដដែលបញ្ជាក់ថា ក្រោយមានហេតុការណ៍ភ្ញាក់ផ្អើលនេះ សមត្ថកិច្ចនគរបាលបានមកឃាត់ខ្លួនជនជាតិកូរ៉េទាំងនោះ ខណៈអ្នកសន្លប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕