(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជំរះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្ដន្ទាទោសបុរសជាឃាតក ដែលសម្លាប់សង្សារនៅផ្ទះសំណាក់ អូរយ៉េស ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទ័ណ្ឌ ហើយសេចក្ដីសម្រេចនេះ ក៏បានបើកផ្លូវឲ្យជនត្រូវចោទ ប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។
លោក កោ វណ្ណឌី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានលើកយកសំណុំរឿងឃាតកម្ម សម្លាប់សង្សារនៅក្នុងផ្ទះសំណាក់ អូយេស មកបើកសវនាការ នៅចំពោះមុខជនដៃដល់ និងបានប្រកាសសាលក្រម ផ្តន្ទាទោសបុរសជាឃាតកនោះ ដាក់គុកពេញមួយជីវិត។
គួរបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ចាន់ សុភ័ក្ត្រ ហៅ ពៅ ភេទស្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅឯខេត្តព្រះវិហារ។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងសមត្តកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានចាប់ខ្លួនជនជាប់ចោទ ដែលជាប់ពាក់ព័ន្ធសម្លាប់សង្សារ នៅក្នុងផ្ទះសំណាក់ អូយេស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ជនរងគ្រោះក្នុងអំពើឃាតកម្មនោះឈ្មោះ អាង វណ្ណា ហៅ លីលី ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេយីហោ ហេងហេង នៅដេអិន ស្នាក់នៅផ្ទះជួល ១៦ C ផ្លូវលេខ១១២ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពេលចាប់ខ្លួនជនសង្ស័យ ត្រូវបានលោកវរ:សេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់បញ្ជាក់ថា មុនកើតហេតុ នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យខាងលើបានជិះម៉ូតូឌុបចេញពីផ្សារញ៉ែ ក្នុងគោលបំណងទៅជួលផ្ទះសំណាក់យីហោ អូយេស ស្ថិតក្នុងបន្ទប់លេខ២០C ជាន់ទី៣ ដើម្បីណាត់សង្សារមកដេក។ លុះដល់វេលាយប់ជ្រៅបន្តិច ក៏លេចមុខស្ត្រីរងគ្រោះ បានទៅដល់ផ្ទះសំណាក់ អូយេស រួចក៏សួររកបន្ទប់ ដែលជនសង្ស័យជួលស្នាក់អាស្រ័យ ហើយនាងក៏បានដើរឡើងទៅដេកជាមួយសង្សារនាងតែម្តងទៅ។ ស្រាប់តែវេលាយប់ជ្រៅបន្តិច ស្ត្រីរងគ្រោះបានសុំជនសង្ស័យ ដែលជាសង្សារត្រឡប់ទៅផ្ទះវិញ តែជនសង្ស័យមិនព្រមឲ្យទៅ ទើបមានការឈ្លោះប្រកែកគ្នា នៅក្នុងបន្ទប់ជួលនោះ។
លោក អេង សោភា បន្តថា ការឈ្លោះប្រកែកគ្នានោះ ជនសង្ស័យបានចោទប្រកាន់នាងសង្សារថាមានប្រុសច្រើន។ ខណៈនោះស្ត្រីរងគ្រោះបានយកទូរស័ព្ទមកឆាតលេងជាមួយប្រុស និងបានបង្ហាញរូបថតអ្នកដែលស្រឡាញ់ខ្លួន ឲ្យជនសង្ស័យមើលទៀតផង ទើបបណ្ដាលឲ្យជនសង្ស័យជាប្រុសស្នេហ៍ ខឹងក៏ស្ទុះទៅធ្វើសកម្មភាពសង្កត់ពីលើខ្ទប់មាត់ច្របាច់ក ទាល់តែដាច់ដង្ហើមស្លាប់ភ្លាម។ ខណៈនោះជនសង្ស័យមិនទាន់អស់ចិត្ត ខ្លាចក្រែងជនរងគ្រោះមិនទាន់ស្លាប់ ក៏យកកន្សែងពោះគោហែក ធ្វើជាខ្សែចងរិតកសម្លាប់បន្ថែម ដើម្បីបញ្ចប់ជីវិតឲ្យអស់សង្ស័យតែម្ដង។
លោកនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បញ្ជាក់ទៀតថា បន្ទាប់ពីជនសង្ស័យសម្លាប់សង្សាររួចហើយ ក៏ធ្វើសកម្មភាពដោះយកគ្រឿងអលង្ការ មានខ្សែកប្លាក់ទីនមួយខ្សែ និងកងដៃប្លាក់ទីនចំនួន៣កង ព្រមទាំងយកទូរស័ព្ទមួយគ្រឿង ហើយរត់គេចខ្លួនបាត់ និងយកទៅលក់បានប្រាក់៣៦៥ដុល្លារ និងទូរស័ព្ទបានប្រាក់២០០ដុល្លារ រួចជិះរថយន្ដតាក់ស៊ីគេចខ្លួនទៅ ខេត្តព្រះសីហនុ។
លុះដល់ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ត្រូវអ្នករៀបចំបន្ទប់បានគោះទ្វារ ដើម្បីបោសសម្អាត ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ យ៉ាងអាណោចអាធម៌នៅលើគ្រែ ក៏បានរាយការណ៍ ដល់សមត្តកិច្ចចុះទៅពិនិត្យ សាកសព និងបានធ្វើការសន្និដ្ឋាន ពិតជាពាក់ពន្ធអំពើឃាតកម្ម៕