(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ដែលកំពុងទទួលបន្ទុកការងារជារដ្ឋមន្រ្តីស្តីទីទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបន្ថែមតួនាទី និងភារកិច្ចជាច្រើនទៀត ដើម្បីជួយដោះស្រាយការងារប្រចាំថ្ងៃជំនួសសម្តេច។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា ការងារ និងភារកិច្ច ដែលទើបសម្រេចប្រគល់ជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រួមមាន៖
* ទទួលបន្ទុកប្រចាំការដោះស្រាយការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្រ្តី សម្របសម្រួលកិច្ចការសម្រាប់គណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និងបណ្តាឧបនាយករដ្ឋមន្រ្តី
* ទទួលបន្ទុកជួយនាយករដ្ឋមន្រ្តីក្នុងការងារតាមដានសម្របសម្រួលដំណើរការតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម
* ទទួលសិទ្ធិពីនាយករដ្ឋមន្រ្តី ក្នុងការពិនិត្យ និងសម្រេចលើការងាររបស់ «ច្រកចេញ-ចូលតែមួយ» នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកលែងតែការងារដែលមានវេទយិតភាពខ្ពស់ ដែលតម្រូវឲ្យសុំការណែនាំ ឬ ការសម្រេចពីនាយករដ្ឋមន្រ្តី
* ទទួលសិទ្ធិពីនាយករដ្ឋមន្រ្តីក្នុងការពិនិត្យ និងសម្រេចលើសំណើស្មុំកូន និងការលាសញ្ជាតិ ដឹកនាំផ្ទាល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
* ជួយនាយករដ្ឋមន្រ្តីលើការងារដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ និងការងាររៀបចំចម្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា ស្របតាមនីតិវិធី ដូចមានចែងក្នុងមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ និងជួយនាយករដ្ឋមន្រ្តីលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ។
សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចតែងតាំងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន នៅក្រោយពេលសម្តេច សុខ អាន បានទទួលមរណភាពនៅដើមខែមីនា ឆ្នាំ២០១៧នេះ៕
សូមអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖