(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៧នេះ ធនាគារស្ថាបនា ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងទទួលកម្ចីចំនួន៥០លានដុល្លារអាមេរិក ពីធនាគារ Mizuho សាខាបាងកក ដែលជាធនាគារធំនាំមុខគេរបស់ជប៉ុន ដោយសារតែមានចំនួនអតិថិជនដ៏ច្រើន រួមនឹង បណ្តាញសាខាពាសពេញប្រទេសជប៉ុន និងមានមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មជុំវិញពិភពលោក។
កិច្ចព្រមព្រៀងរយៈពេល០៣ឆ្នាំសម្រាប់កម្ចី៥០លានដុល្លារអាមេរិកនេះ គឺជាកិច្ចព្រមព្រៀងដ៏ធំមួយ ដែលបានផ្តល់ជូនស្ថាប័នហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា និងក៏ជាកម្ចីពាណិជ្ជកម្មក្រៅប្រទេសធំ លើកទីមួយដែលផ្តល់ ដោយធនាគារនាំមុខគេរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីនេះ លោក Norihiko KATO ដែលជាប្រធាននាយកប្រតិបត្តិ របស់ធនាគារ ស្ថាបនា ភីអិលស៊ី បានថ្លែងថា «យើងពិតជារីករាយ ដែលធនាគារ Mizuho បានស្វែងយល់ យ៉ាងស៊ីជម្រៅចំពោះប្រតិបត្តិការ និងការគ្រប់គ្រងរបស់ធនាគារ ស្ថាបនា ភីអិលស៊ី និងចូលរួមចំណែកក្នុងចក្ខុវិស័យ របស់ធនាគាររបស់យើង ក្នុងការជួយប្រជាជនរបស់កម្ពុជា ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជាបន្តទៀត»។
លោកបន្ដថា «ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដែលទទួលបានពីធនាគារ Mizuho យើងនឹងបន្តខិតខំ ក្នុងការដឹកនាំធនាគារពាណិជ្ជនេះ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងការផ្តល់នូវសេវាហិរញ្ញវត្ថុ ដែលមានស្ថេរភាពជូនប្រជាជន»។
លោក FUKUI Takeshi នាយកការិយាល័យតំណាងរបស់ធនាគារ Mizuho ប្រចាំរាជធានីភ្នំពេញ ដែលមានវត្តមានជាសាក្សីក្នុងការចុះហត្ថលេខានេះ បានថ្លែងថា «គោលការណ៍ និងទស្សនវិស័យ ចម្បងរបស់ធនាគារ Mizuho គឺ «អតិថិជនជាចម្បង» (ទស្សនវិស័យដែលផ្តោតសំខាន់លើអតិថិជន) ហើយ Mizuho មានសេចក្តីសោមនស្សរីករាយក្នុងជួយជ្រោមជ្រែងធនាគារ ស្ថាបនា ភីអិលស៊ី និងប្រទេសកម្ពុជា»។
ធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលទទួលជោគជ័យក្នុងការរួម បញ្ចូលគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំ និងធនាគារពាណិជ្ជ ដែលមានការិយាល័យជាង ១៦០កន្លែង ហើយបានធ្វើប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។