(ភ្នំពេញ)៖ សិស្សថ្នាក់ទី១១-១២ នៃវិទ្យាល័យ ជា ស៊ីម សាមគ្គី និងវិទ្យាល័យ សន្ធរម៉ុក ចំនួន២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ ខណ្ឌទួលគោក តាមបង្ក្រាប និងចាប់វាយខ្នោះ បន្ទាប់ពីពួកគេបានទៅឆក់ទូរស័ព្ទដៃពីស្រ្តីបុគ្គលិកម្នាក់ នៅក្រុមហ៊ុន Manu Life នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុច ផ្លូវលេខ២៦១ កែងផ្លូវលេខ១២២ ក្រុមទី៣៣ ភូមិ៩ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន៖ ទី១-ឈ្មោះ សៀង សំណាងរិទ្ធី ហៅហេង អាយុ១៧ឆ្នាំ មុខរបរ សិស្សថ្នាក់ទី11A2 វិទ្យាល័យ ជា ស៊ីម សាមគ្គី ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី២-ឈ្មោះ ស៊ុត សុដារាណ ហៅ រាណ អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១F1 វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ9B ផ្លូវលេខ៣៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ យស ធាយ៉ា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន Manu Life ស្នាក់នៅផ្ទះលេខ១១៣ ផ្លូវលេខ១១ ពិភពថ្មីវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើតាមមន្រ្តីនគរបាល មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CK-3979 ដោយទុកទូរស័ព្ទក្នុងឃ្លុបម៉ូតូខាងមុខ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូម៉ាក Honda Click ពណ៌ស ស៊េរី 2015 ពាក់ស្លាកលេខភ្នំពេញ 1FB-7552 តាមពីក្រោយអែបខាងស្តាំ ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីក្នុង ឃ្លុបម៉ូតូបានសម្រេច រួចព្យាយាមជិះម៉ូតូគេចខ្លួន ក៏បានប៉ះ ជាមួយម៉ូតូអ្នកដំណើរតាមផ្លូវ បណ្តាលឲ្យយដួលម៉ូតូ ទើបសមត្ថកិច្ចយើងអន្តរាគមន៍ឃាត់បានជាក់ស្តែងតែម្តង។
បន្ទាប់ពីចាប់ពួកគេបានហើយ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទមួយគ្រឿងរបស់ជនរងគ្រោះ រួចក៏បានប្រគល់ឲ្យយជនរងគ្រោះវិញផងដែរ និងម៉ូតូរបស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕