(សៀមរាប)៖ មហាជនទូទៅធ្លាប់តែដឹងថា ដូរ្យតន្រ្តី និងឧបករណ៍តន្ត្រីជាច្រើន សុទ្ធតែបានបន្សល់ទុកតាំងពីបុរាណកាលមក ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលដឹងថា ឧបករណ៍តន្រី្តទាំងនោះ ត្រូវបានឆ្លាក់ជាប់លើផ្ទាំងថ្មប្រាសាទបុរាណនានា ប្រកបដោយការផ្ចិតផ្ចង់យ៉ាងល្អពិសិដ្ឋ ដែលដិតដាមបន្សល់រហូតដល់សព្វថ្ងៃ។
រហូតមកដល់ពេលនេះ មិនទាន់មានអ្នកស្រាវជ្រាវណាម្នាក់ ហ៊ានអះអាងដាច់ណាត់ថា ក្នុងការប្រគំតន្រ្តីបុរាណ នាសម័យអង្គរ គេប្រើប្រាស់ឧបករណ៍ភ្លេងអ្វីខ្លះនោះទេ ប៉ុន្តែតាមរយៈចម្លាក់ដែលបានបន្សល់ទុក តាមជញ្ជាំងប្រាសាទបុរាណ អាចឲ្យអ្នកស្រាវជ្រាវប្រាប់បានខ្លះៗ អំពីឧបករណ៍ភ្លេង ដែលត្រូវបានប្រើប្រាស់កាលពីអតីតកាលដ៏យូរលង់។
ជាក់ស្ដែង នៅប្រាង្គខាងកើតឈៀងខាងត្បូង នៃប្រាសាទបាយ័ន (ទីក្រុងអង្គរធំ) មានចម្លាក់ដ៏ច្រើនដែលបង្ហាញពីការប្រគំតន្ត្រី នាសម័យនោះ។
តាមការរៀបរាប់របស់លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិវស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា «វង់តន្រ្តីនោះ ត្រូវបានគេប្រើប្រាស់ឧបករណ៍ ចំនួន៣ប្រភេទ មានឆាប ឬឈឹង ពិណ និងសាដៀវ»។
លោកបរិយាយថា បើមើលពីឆ្វេងគេនឹងឃើញអ្នកគោះឆាប អ្នកដេញពិណ អ្នកកេះសាដៀវ អ្នកច្រៀងចម្រៀង អ្នករាំរបាំ និងទស្សនិកជន។ តែបើមើលចំទិដ្ឋភាពខាងលើទាំងមូល គេនឹងបានដឹងថា វង់តន្រ្តីនោះ ត្រូវបានគេប្រគំក្នុងសាលមហោស្រពមួយ ដែលត្រូវបានរចនាឡើង ប្រកបដោយក្បូរក្បាច់យ៉ាងស្រស់ស្អាត អាចនិយាយបានថា នាំយើងឲ្យទៅឃើញទិដ្ឋភាពប្រគំតន្រ្តី នាសម័យនោះ៕