Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋឃុំស្រម៉រ ស្រុកជើងព្រៃ បន្ដគាំទ្រការដឹកនាំរបស់គណបក្សប្រជាជន ដែលនាំមកនូវសុខសន្ដិភាព ជូនប្រទេសជាតិ មកដល់សព្វថ្ងៃនេះ

28-03-2017 17:24

(កំពង់ចាម)៖ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានប្ដេជ្ញាបន្ដគាំទ្រដល់ការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្ដទុកដាក់ ជួយសម្រាលនូវការលំបាក របស់ប្រជាជន គ្រប់ស្ថានភាព គ្រប់ទីកន្លែង ពិសេសបានរក្សានូវសុខសន្ដិភាព ជូនប្រទេសជាតិមកដល់សព្វថ្ងៃនេះ ។

ការប្ដេជ្ញាចិត្ដរបស់ប្រជាជននេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ប្រធាននិងអនុប្រធានបក្ស ដឹកនាំដោយ លោក ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ។

ក្នុងឱកាសនោះ លោក ម៉ា ឈឿន ក៏បានថ្លែងជំរុញទៅកាន់ប្រធាន និងអនុប្រធានបក្ស រួមទាំងបេក្ខជនឈរឈ្មោះ បោះឆ្នោត ទាំងពេញសិទ្ធិ និងបម្រុង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះថា សូមថ្នាក់ដឹកនាំទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការជួយសម្រាលនូវទុកលំបាក របស់ប្រជាពលរដ្ឋយើងនៅទីនេះ ឲ្យខានតែបាន ព្រោះយើងជាកូនខ្មែរ យើងត្រូវរក្សា និងសាមគ្គីគ្នា រក្សានូវសុខសន្ដិភាពឲ្យបានគង់វង្ស ។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ និងបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ របស់ឃុំស្រម៉រ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏បានប្ដេជ្ញា ខិតខំបំពេញភារកិច្ចការងារ តាមអ្វីដែលជា​កម្មវិធីនយោបាយ​របស់គណបក្ស ដែលបានដាក់ចេញ គោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍ ឃុំសង្កាត់ ឆ្នាំ២០១៧-២០២២ ដើម្បីជួយប្រជាពលរដ្ឋបន្ថែមទៀត ទាំងតម្លៃបណ្ដាញអគ្គិសនី ទឹក សំាង ចុះថោក, ប្រជាពលរដ្ឋ ដែលគ្មានដីធ្លីរស់នៅ និងផ្ដល់ដីសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផលតាមរយៈ ការអនុវត្ដកម្មវិធីសម្បទានដីសង្គមកិច្ច, អភិវឌ្ឍប្រព័ន្ធទឹកស្រោចស្រពដំណាំ ឲ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ និងគោលការណ៍សំខាន់ៗជាច្រើនទៀត ដែលនឹងជួយឲ្យស្ថានភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរបន្ថែមទៀត ៕