(ភ្នំពេញ)៖ ជនជាតិវៀតណាមចំនួន៩នាក់ ក្នុងនោះស្រី៣នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តបណ្តេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិក្អមសំណរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ពីបទលួចឆ្លងដែន ស្នាក់នៅ និងធ្វើការខុសច្បាប់នៅតាម រាជធានី-ខេត្តមួយចំនួន។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា «ជនជាតិវៀតណាម ដែលបានលួចឆ្លងដែន ស្នាក់នៅ និងធ្វើការរកស៊ីខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានសមត្ថកិច្ច នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេញចេញទៅវិញ នៅថ្ងៃនេះចំនួន៩នាក់»។
បើតាមលោកឧត្តមសេនីយ៍ ជនជាតិវៀតណាមទាំង៩នាក់ខាងលើនេះ បានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរធ្វើកម្មករដោយខុសច្បាប់ នៅក្នុងខេត្តកំពង់ស្ពឺចំនួន៤នាក់ និងនៅក្នុងរាជធានីភ្នំពេញចំនួន៥នាក់ ដោយគ្មានលិខិតឆ្លងដែន៕