(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំក្រុមការងាររួម អាស៊ាន-ចិន ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង (DOC) លើកទី២០ នៅខេត្តសៀមរាប ដើម្បីចូលរួមចំណែកក្នុងការតាក់តែងក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងឲ្យបានឆាប់ នេះបើតាមសេចក្ដីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងជំនួបជាមួយ លោក XU BU ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងថា «ដើម្បីចូលរួមចំណែកក្នុងការតាក់តែង ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ឲ្យបានឆាប់ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមការងាររួម អាស៊ាន-ចិន ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង លើកទី២០ ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០១៧ ស្អែក នៅខេត្តសៀមរាប»។
ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានកត់សម្គាល់ពីសមិទ្ធផលធំៗ ដែលអាស៊ាន និងចិន សម្រេចបានក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ចិន និងការអនុម័តឯកសារសំខាន់ជាច្រើន រួមមាន សេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការបរទេស នៃប្រទេសសមាជិកអាស៊ាន និងចិន ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង ការបង្កើតខ្សែទូរស័ព្ទពិសេស រវាងក្រសួងការបរទេស នៃប្រទេសសមាជិកអាស៊ាន និងចិន និងការចេញសេចក្តីប្រកាសរួម ស្តីពីការអនុវត្តក្រមសម្រាប់ការពើបប្រទះ ដោយមិនបានគ្រោងទុកនៅសមុទ្រ នៅក្នុងសមុទ្រចិនខាងត្បូង និងការតាក់តែងក្របខណ្ឌ នៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ឲ្យបាននៅពាក់កណ្តាលឆ្នំា២០១៧។
ប្រមុខការបរទេសកម្ពុជា បានកត់សម្គាល់នូវការវិវឌ្ឍល្អ និងសភាពការណ៍ជាវិជ្ជមានថ្មីៗ នៅសមុទ្រចិនខាងត្បូង និងបានបញ្ជាក់ទ្បើងវិញ អំពីជំហររបស់កម្ពុជាគាំទ្រ ការអនុវត្តសេចក្តីថ្លែងការណ៍ DOC ឲ្យបានពេញលេញ មានប្រសិទ្ធភាព ដើម្បីបង្កើតឲ្យមានបរិយាកាសអំណោយផលដល់ការឈានទៅសម្រេច បាននូវក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) មួយដ៏ចាំបាច់ និងប្រកបដោយប្រសិទ្ធភាព។
ចំពោះជម្លោះដែនដី និងអធិបតេយ្យនៅសមុទ្រចិនខាងត្បូង លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ត្រូវដោះស្រាយដោយភាគីពាក់ព័ន្ធដោយផ្ទាល់ ដោយអនុលោមតាមគោលការណ៍ នៃច្បាប់អន្តរជាតិនានា ដែលត្រូវបានទទួលស្គាល់ជាសកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ផងដែរ៕