(ភ្នំពេញ)៖ ប្រមុខដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា ជាអង្គការចង្រៃ និងមានមន្រ្តីក្មេងខ្ចីទើបចប់ពីសាលាគ្មានបទពិសោធន៍ ហើយបានណែនាំឲ្យអង្គការមួយនេះ គួរទៅពិនិត្យមើលបញ្ហាសិទ្ធិមនុស្ស នៅអាមេរិក និងបច្ចឹមបូព៌ា អ៉ីរ៉ាក់ ស៊ីរី វិញ កុំមកលូកលាន់កិច្ចការរបស់កម្ពុជា។
ការប្រតិកម្មខ្លាំងៗរបស់ប្រមុខដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថា គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ជាគណៈកម្មការមួយដែលមិនមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ជាស្ថាប័នមិនមានឯករាជ្យភាពមិនមានវិជ្ជាជីវៈ និងមិនមានស្តង់ដារខ្ពស់ផ្នែកសិទ្ធិមនុស្សនោះឡើយ។
ឆ្លើយតបនឹងការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ លោក កែវ រ៉េមី បានអះអាងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់លោក រាល់ឆ្នាំតែងតែមានទំនាក់ទំនងជាមួយអង្គការ សហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែល ជាប់ជាប្រចាំ រួមទាំងមានទំនាក់ទំនងជាមួយអង្គការសិទ្ធិមនុស្សនៅអាស៊ីផងដែរ។
លោក កែវ រ៉េមី បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធអង្គការ Human Rights Watch ហ្នឹង គួរមើលពិនិត្យមើលបច្ចឹមបូព៌ា ស៊ីរី លីប៊ី អ៉ីរ៉ាក់ មានមនុស្សស្លាប់រាល់ថ្ងៃ សម្លេងយន្តហោះទម្លាក់គ្រាប់បែកទៅមកទៅមក ក្មេងស្រ្តីហ្នឹងយ៉ាងមិចយ៉ាងណា ហើយជនភៀសខ្លួនគិតយ៉ាងមិច ពិនិត្យមើលដាក់ពិន្ទុលើអាមេរិកផង មានការរើសអើមខ្លាំងលើជនភៀសខ្លួន....» (សូមស្តាប់កិច្ចសម្ភាសន៍នៅខាងក្រោម)។
សូមជំរាបថា កាលពីម្សិលមិញនៅក្នុងពីធីសន្និសីទសារព័ត៌មាន លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គួរតែទទួលបានពានរង្វាន់ណូប៊ែលពិភពលោក ពីព្រោះសម្តេចមានសម្បត្តិធំធែងណាស់ ក្នុងការសង្គ្រោះជីវិតមនុស្ស។ លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «ល្មមដល់ពេលដែលផ្ដល់ឲ្យគាត់ (សម្តេចតេជោ) នូវពានរង្វាន់សន្ដិភាព រឺក៏ពានរង្វាន់លើវិស័យសិទ្ធិមនុស្សជូនគាត់ ក៏ប៉ុន្ដែផ្ទុយទៅវិញ ចំណុច២សំខាន់នេះ ត្រូវបានគេបំផ្លិញ មួលបង្កាច់បង្អាប់ បន្ទុក មនុស្សដែលមានគុណសម្បត្តិស្មើមហាមេឃ»។
ជាមួយនោះដែរ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់ លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ប្រធានក្រុមមួយដែលដាក់ឈ្មោះខ្លួនឯងថា «ក្រុមសមាជិកសភាអាស៊ាន» ដែលវាយប្រហារកម្ពុជា ខ្លាំងៗអំពីបញ្ហាសិទ្ធិមនុស្ស។ លោកចាត់ទុកថា តំណាងរាស្រ្ត នៃប្រទេសសមាជិកអាស៊ានមួយ កំពុងរំលោភលើគោលការណ៍អាស៊ាន ដែលមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសសមាជិកដទៃ៕