(សៀមរាប)៖ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងរដ្ឋាភិបាលក្រុងប៉េកាំង បានសន្យាថា នឹងជំរុញអ្នកទេសចរចិនឱ្យមកទស្សនាកម្ពុជា ឱ្យបាន២លាននាក់ នៅឆ្នាំ២០២០ ហើយបានប្ដេជ្ញាថា នឹងជួយកម្ពុជា ក្នុងការរៀបចំផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប។
ការតាំងចិត្តទាំងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការ លើកទី៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាបក្រោមវត្តមាន លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការខាងភាគីកម្ពុជា និងលោក លីវ ជីវមីន អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងជាអគ្គលេខាធិការខាងភាគីចិន ដោយមានការចូលរួមពី តំណាងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ។
កិច្ចប្រជុំនេះ ធ្វើឡើងសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំផ្លូវការ នៃគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា នាពេលខាងមុខ។
រដ្ឋាភិបាលចិនក៏ព្រមព្រៀងថា នឹងជំរុញក្រុមហ៊ុននៅប្រទេសរបស់ខ្លួន បុកមកវិនិយោគលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប ឲ្យច្រើនថែមទៀតផងដែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
អ្វីដែលពិសេសទៀតនោះ កិច្ចប្រជុំគណៈកម្មាធិការខាងលើ គឺដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន នៅក្នុងខែឧសភា ឆ្នាំ២០១៧ ខាងមុខ៕