(បាត់ដំបង)៖ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោកឧកញ៉ា ភួ ពុយ បានអះអាងថា បញ្ហាប្រឈមខ្លាំងសម្រាប់កសិករ សិប្បករ និងពាណិជ្ជករ គឺ ទីផ្សារ តម្លៃ ផ្លូវ ថ្នល់ និងប្រភពចែកចាយទឹកមានគ្រាប់គ្រាន់។
លោកបានអះអាងបែបនេះនៅក្នុងកិច្ចប្រជុំពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយជាក់ស្តែង របស់អាជីកម្ម និងការប្រកបរបរប្រចាំថ្ងៃលើគ្រប់វិស័យ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារស្ទឹងសង្កែបាត់ដំបង។ ពីធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មខេត្ត សមាជិក សមាជិកា អាជីវករ សិប្បករ ពាណិជ្ជករ កសិករ ជាច្រើនរូបទៀត។
លោក-លោកស្រីអនុប្រធានសភាពាណិជ្ជកម្មខេត្ត ទទួលបន្ទុកផ្សេងៗ បានធ្វើរបាយការណ៍សកម្មភាពសភាពាណិជ្ជកម្មខេត្ត ដែលបានអនុវត្តកន្លងមក ព្រមទាំងស្វែងយល់លើកទិសដៅអនុវត្តបន្ត ធ្វើយ៉ាងណាឲ្យមានការរីកចម្រើន ទាំងអ្នកវិនិយោគិន និងពាណិជ្ជករ កសិករក្នុងស្រុកមានភាពងាយស្រួលដល់ពួកគាត់។
លោកឧកញ៉ា ភួ ពុយ បានបញ្ជាក់ថា ដើម្បីលើស្ទួយ និងសម្របសម្រួលដល់កសិករ សិប្បករ ពាណិជ្ជករ ក្នុងការផលិតកសិផល ក៏ដូចជា ការរកទីផ្សារនាំចេញ និងមានតម្លៃសមរម្យនោះ សភាពាណិជ្ជកម្មខេត្តបានខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់ផ្សេងៗរបស់កសិករ ពាណិជ្ជករ សភាពាណិជ្ជកម្មខេត្តតែងតែ បានស្នើនិងសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីជួយដល់ទាំងកសិករនិងពាណិជ្ជករ ពិសេសក្នុងខេត្តបាត់ដំបង។
លោកឧកញ៉ាបានបន្តថា «ចាប់តាំងពីមានសភាពាណិជ្ជកម្មកើតឡើងមក ក្រុមសភាយើងបានខិតខំប្រម៉ែប្រមូល គៀងគរ វិនិយោគិន ក្នុងនិងក្រៅប្រទេស ឲ្យមកធ្វើការរកស៊ី ដោយធ្វើរោងចក្រផ្សេងៗ និងជាដៃគូរជាមួយកសិករ ពាណិជ្ជករខ្មែរ ពលរដ្ឋមានការងារធ្វើ មិនបាច់ធ្វើចំណាកស្រុកជាដើម»។
លោកប្រធានបន្តទៀតថា ពាណិជ្ជកម្មយើងដើបានអាស្រ័យលើកសិករជាអ្នកផលិតបាន ដោយពឹងផ្អែកលើទឹក ផ្លូវថ្នល់សម្រាប់ដឹកកសិផល ជាកត្តាសំខាន់បំផុត ពេលផលិតបានហើយ ត្រូវរកទីផ្សារលក់ចេញ និងមានតម្លៃសមរម្យផងដែរ។ នៅក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ លោកឧកញ៉ា បានផ្តាំផ្ញើដល់សហគ្រិនវ័យក្មេងមួយចំនួន ត្រូវខិតខំយកចិត្តទុកដាក់ក្នុងធ្វើពាណិជ្ជកម្ម ដើម្បីបន្តវេណទៅថ្ងៃអនាគត់។
នៅក្នុងកិច្ចប្រជុំនេះ គណៈអធិបតីក៏បានអនុញាតិឲ្យ អាជីវករ សិប្បករ ពាណិជ្ជករ មួយចំនួនធំធ្វើការពិគ្រោះយោបល់គ្នាម្នាក់ម្តងៗ ដើម្បីស្វែងរកគន្លិះ សម្រាប់ស្វែងរកវិធានល្អៗ ក្នុងការធ្វើជំនួញប្រកបដោយជោគជ័យ ដោយមានសភាពាណិជ្ជកម្មខេត្ត ជាអ្នកជួយជម្រុញ និងជួយពីក្រោយ ដោយធ្វើការសម្របសម្រួលពាណិជ្ជកម្មបានកាន់តែប្រសើឡើងនាពេលអនាគត៕