(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ មានសិស្ស និស្សិត កម្ពុជាជាច្រើននាក់ បានទទួលអាហារូបករណ៍ ទៅបន្ដការសិក្សា នៅតាមសាកលវិទ្យាល័យល្បីៗ ដែលទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ នៅក្នុងប្រទេសឥណ្ឌា ។ នៅឆ្នាំនេះ រដ្ឋាភិបាលឥណ្ឌា បានបង្កើនចំនួនអាហាររូបករណ៍ សម្រាប់សិស្ស និស្សិតកម្ពុជា បានទៅបន្តការសិក្សា នៅក្នុងប្រទេសឥណ្ឌាបន្ថែមទៀត។
លោក ណាវីន ស្រ៊ីវ៉ា ស្ទាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីអាហារូបករណ៍ពិសេស សម្រាប់សិស្ស និស្សិត កម្ពុជា នៅមជ្ឈមណ្ឌលកិច្ច សហប្រតិបត្តិការកម្ពុជា-ជប៉ុន ថា ជារៀងរាល់ឆ្នាំសិស្ស និស្សិតកម្ពុជាចំនួន២៥នាក់ បានទទួលអាហារូបករណ៍ ទៅបន្ដការសិក្សា នៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំ២០១៧នេះ ហើយរដ្ឋាភិបាលឥណ្ឌា បានបង្កើនអាហារូបករណ៍ រហូតដល់២៧កន្លែង នៅតាមសាកលវិទ្យាល័យល្បីនានា ដែលទទួលស្គាល់ ជាអន្ដរជាតិ។ ក្រៅពីនេះ ក៏មាននិស្សិតកម្ពុជាមួយចំនួនទៀត បានទៅបន្តការសិក្សាលើមុខវិជ្ជាផ្សេងៗ ដោយបង់ថ្លៃខ្លួនផងដែរ នៅក្នុងប្រទេសឥណ្ឌានោះ។
លោកឯកអគ្គរដ្ឋទូត បានឲ្យដឹងទៀតថា ឆ្នាំមុនយើង មានសិស្សនិស្សិតកម្ពុជា ចំនួន២៥រូប បានជាប់អាហារូបករណ៍ ក្នុងនោះ២៤រូប បានទៅបន្តការសិក្សា ប៉ុន្តែមានម្នាក់បានខកខាន។ សម្រាប់ឆ្នាំនេះ យើងមាន សិស្ស និស្សិតចំនួន២៧រូប ក្នុងនោះមានចំនួន២៦រូប ដែលគ្រោងនឹងទៅបន្ដការសិក្សា នៅប្រទេសឥណ្ឌា។
លោកឯកអគ្គរដ្ឋទូត បានបន្ដទៀតថា គិតត្រឹមឆ្នាំ២០១៧នេះ សិស្ស និស្សិតកម្ពុជា ដែលបានទទួល អាហារូបករណ៍ ទៅបន្ដការសិក្សានៅប្រទេសឥណ្ឌា ប្រមាណពី ៣០០ទៅ៤០០នាក់ ដែលអ្នកទាំងនោះ ត្រូវបានផ្គត់ផ្គង់ការចំណាយផ្សេងៗ មានដូចជា ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភ ការរស់នៅ សៀវភៅ ប្រាក់ឧបត្ថម្ភលើកន្លែងស្នាក់នៅ សំណងនៃការចំណាយ វេជ្ជសាស្រ្ត និងសំបុត្រយន្ដហោះ ធ្វើដំណើរទៅមកឥណ្ឌា-កម្ពុជា ផងដែរ។
អតីតសិស្សនិស្សិត បានទៅសិក្សានៅក្នុងប្រទេសឥណ្ឌា លោក សៅ ជីវ័ន្ដ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងឲ្យដឹងថា ការទៅសិក្សានៅប្រទេសឥណ្ឌា សិស្ស និស្សិត បានទទួលផលប្រយោជន៍៣យ៉ាង គឺទទួលបានការគោរពគ្នាទៅវិញទៅមក, ចេះភាសាអង់គ្លេស ដូចទៅសិក្សានៅប្រទេសផ្សេងទៀត លើពិភពលោក និង តម្លៃនៃការចាយវាយថោក មិនសូវជាពិបាកក្នុងការសិក្សា។
លោកបន្ដថា សាលានៅប្រទេសឥណ្ឌា មានច្បាប់តឹងរ៉ឹង និងត្រូវបានទទួលស្គាល់ ជាអន្ដរជាតិ នៅពេលដែល សិស្ស និស្សិត បានទទួលអាហារូបករណ៍ ទៅសិក្សានៅឥណ្ឌា បើចង់ទៅបន្ដការសិក្សា នៅប្រទេសផ្សេងទៀត គឺអាចធ្វើបានយ៉ាងងាយ៕