(ភ្នំពេញ)៖ បន្ទាប់ពីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីការរាំងខ្ទប់ និងតាមស្វែងរកផលិតផលអាហារ មានមេរោគបាក់តេរី ធ្វើឲ្យប៉ះពាល់ស្រ្តីមានផ្ទៃពោះ និងកុមារ «I.M.Healthy SonyNut Butter, I.M. Healthy Granola products and Dixie's Club brand» លើទីផ្សារប្រទេសកម្ពុជាកន្លងមកនេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់ទៅលើផលិតផលអាហារ ដែលប៉ះពាល់ស្រ្តីមានផ្ទៃពោះ និងកុមារនៅតាមផ្សារមួយចំនួន ដូចជា៖ ផ្សារបាយ័ន, ផ្សារឡាក់គី និងផ្សារស៊ីធីម៉ល រួមជាមួយបណ្តាហាង និងផ្សារទំនើបផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ។
ប្រតិបត្តិការចុះពិនិត្យទំនិញនេះ ស្ថិតក្រោមការណែនាំពីសំណាក់លោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ។ មន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា «ការចុះស្រាវជ្រាវ និងពិនិត្យទំនិញនៅផ្សារបាយ័ន, ផ្សារឡាក់គី និងផ្សារស៊ីធីម៉ល ពុំមានទំនិញណាមានមេរោគបាក់តេរី E.coli 0157;H7 នោះទេ។ ដូច្នេះមន្ត្រីកុងត្រូលបានណែនាំ និងអំពាវនាវដល់អាជីវករធំតូចទាំងអស់ត្រូវរឹតបណ្តឹង និងពិនិត្យឲ្យបានម៉ត់ចត់ មុនយកទំនិញទាំងនោះ មកដាក់លក់តាមទីផ្សារ ជាពិសេសផ្អែកសំខាន់ទៅលើ មេរោគបាក់តេរី E.coli 0157;H7 ដែលអគ្គនាយកដ្ឋានកាំកុងត្រូល កំពុងប្រកាសស្រាវជ្រាវស្វែងរក និងទប់ស្កាត់ ព្រោះបើបងប្អូនពិសារអាហារណាដែលមានមេរោគទាំងនេះ វាអាចបណ្តាលឲ្យបាត់បង់អាយុជីវិត»។
ជាមួយគ្នានោះដែរ មន្ត្រីកាំកុងត្រូលក៏បានធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋក៏ដូចសាធារជនផងដែរ៕