(សៀមរាប)៖ កម្ពុជាស្នើប្រទេសចិនបើកទីផ្សារ សម្រាប់ការនាំចេញអង្ករ ពីកម្ពុជាបន្ថែមទៀត ក្នុងខណៈដែលការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន កាន់តែមានការកើនឡើងជាលំដាប់។
ជាមួយគ្នានេះដែរ កម្ពុជាក៏បានស្នើសុំប្រទេសចិនបើកទីផ្សារ សម្រាប់ការនាំចេញស្វាយ និងសណ្តែកសៀងរបស់កម្ពុជាផងដែរ។
សំណើរទាំងពីរខាងលើនេះ ត្រូវបានលើកឡើង នៅក្នុងប្រជុំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋា ភិបាលកម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤ ដែលបានប្រព្រឹត្តទៅព្រឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប ដើម្បីជួយស្វែងរកទីផ្សារកសិកផលរបស់កម្ពុជា ជាពិសេសដើម្បីលើកកម្ពស់ជីវភាព ជូនបងប្អូនប្រជាកសិករខែ្មរយើង។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤នេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការខាងភាគីកម្ពុជា និង លោក លីវ ជីវមីនអនុរដ្ឋមន្ត្រី នៃក្រសួងការបរទេសចិន និងជាអគ្គលេខាធិការខាងភាគីចិន ដោយមានការចូលរួម ពីតំណាងរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធសំខាន់ៗ នៃប្រទេសទាំងពីរ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំផ្លូវការ នៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាល លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅក្នុងពេលខាងមុខ និងសម្រាប់ត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន នៅក្នុងខែឧសភា ឆ្នាំ២០១៧ ខាងមុខ។
សូមជម្រាបថា នៅឆ្នាំ២០១៧នេះ ប្រទេសចិន បានផ្តល់កូតានាំចេញអង្ករឲ្យកម្ពុជា កើនដល់២០ម៉ឺនតោន។ នៅឆ្នាំ២០១៦ កន្លងទៅនេះ ចិនជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ គឺចំនួន ១២៧,៤៦០តោន៕