(ភ្នំពេញ)៖ ក្រុមហ៊ុន ថោង ស៊ីង ដឹកជញ្ជូនអ្នកដំណើរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពី ការរៀបចំ កម្មវិធីដឹកជញ្ជូនអ្នកដំណើរ ដោយឥតគិតថ្លៃ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ដែលជាថ្ងៃទី២ ខែពីធីបុណ្យចូលឆ្នាំ ចំពោះអ្នកដែលត្រូវ ធ្វើដំណើរពីភ្នំពេញ ទៅកាន់បណ្តាខេត្តជាប់ផ្លួវជាតិលេខ៥ និងលេខ៦។ ពិសេសជាងនេះទៅទៀតនោះ សម្រាប់ការដឹកអ្នកដំណើរ តាមផ្លូវជាតិលេខ៤ ក្រុមហ៊ុននឹងផ្ដល់ជូននូវតម្លៃពិសេស គឺសំបុត្រត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ ចាប់ពីថ្ងៃទី១ ដល់បំណាច់​​ខែមេសា ឆ្នាំ២០១៧។

លោក ប៉ោ វុទ្ធី ដែលគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ថោង ស៊ីង ដឹកអ្នកដំណើរ បានបញ្ជាក់ថា នៅឱកាសបុណ្យចូលឆ្នាំថ្មីខាងមុននេះ ក្រុមហ៊ុននៅតែប្រកាន់គោលការណ៍ របស់ខ្លួនដោយមិនឡើងថ្លៃសំបុត្រនោះឡើយ ហើយលើកពីនេះទៅទៀតនោះ ក្រុមហ៊ុននឹងផ្ដល់សំបុត្រ ជិះរថយន្តដោយឥតគិតថ្លៃ នៅថ្ងៃទី២ នៃបុណ្យចូលឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៥ ខែមេសា ដោយផ្ដល់ជូនសម្រាប់អ្នកដំណើរតាមខ្សែរត់ពីភ្នំពេញ ទៅបណ្ដាលខេត្ដផ្លូវជាតិលេខ៥ រួមមាន៖ ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ោយបែត ​​​​និងផ្លូវជាតិលេខ៦ ភ្នំពេញ កំពង់ធំ សៀមរាប ដែលរថយន្តសរុបចំនួន៣០គ្រឿង។

លោកបញ្ជាក់ទៀតថា ការផ្ដល់សំបុត្រឥតគិតថ្លៃនេះ ធ្វើឡើងសម្រាប់តែការធ្វើដំណើរពីភ្នំពេញ ទៅបណ្ដាខេត្តប៉ុណ្ណោះចំពោះការធ្វើដំណើរ ពីបណ្ដាខេត្តមកភ្នំពេញ គឺគិតថ្លៃធម្មតា។

តំណាងក្រុមហ៊ុនរូបនេះ បានបញ្ជាក់ទៀតថា ចំពោះការផ្ដល់សំបុត្រជិះដោយឥតគិតថ្លៃ អ្នកដំណើរអាចទទួលសំបុត្រ នៅបញ្ជររបស់ក្រុមហ៊ុនផ្ទាល់ នៅថ្ងៃចេញដំណើរតែម្ដង ដោយមិនមានការចែកសំបុត្រមុនឡើយ ព្រោះការពារកុំឲ្យយល់ច្រលំមានបញ្ហានានា ។

អ្វីដែលពិសេសជាងនោះ នៅឆ្នាំនេះក្រុមហ៊ុន បានបង្កើននៃកម្មវិធីថ្មីមួយទៀត ដោយកន្លងមកក្រុមហ៊ុនដាក់ឲ្យដំណើរការ ខ្សែរត់តែប្រភេទ រថយន្ត VIP ប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ចាប់ពីថ្ងៃទី១ ខែមេសាតទៅ ក្រុមហ៊ុន នឹងដាក់ឲ្យដំណើរការរថយន្ត៤៥កៅអី ដែលផ្ដល់ជូននូវតម្លៃពិសេស ត្រឹមតែ១ម៉ឺនប៉ុណ្ណោះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី២២ ខែមីនានេះថា នៅរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ រថយន្តក្រុងទាំង៥៧គ្រឿង ដែលកំពុងរត់តាងខ្សែនានាក្នុងរាជធានី ភ្នំពេញ ដោយឥតគិតថ្លៃដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមិនបានចេញទៅតាមបណ្តាខេត្ត។

ជាមួយនោះផងដែរ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ តែងតែធ្វើដំណើរពី គ្រប់ទិសទី ដើម្បីទៅជួបជុំញាតិមិត្ត បងប្អូននៅតាមបណ្តាខេត្តក្រុងនានា ដើម្បីជួបជុំគ្នាក្នុងឱកាសពិសេសនេះ។ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ (GANZBERG) បានរៀបចំរថយន្តក្រុងចំនួន១០០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋខ្មែរ បានទៅជួបជុំក្រុមគ្រួសារ នៅស្រុកកំណើតដោយឥតគិតថ្លៃ៕