(ភ្នំពេញ)៖ ភាពយន្តបែបវាយតប់ កំប្លែង និងស៊ើបអង្កេតថ្មីមួយ របស់ផលិតកម្ម «Eye love film» បានរៀបចំពិធីសម្ពោធបញ្ចាំង ជាផ្លូវការហើយ នាល្ងាចថ្ងៃទី២៧ មីនា ឆ្នាំ២០១៧ នៅរោងភាពយន្ត Major ក្នុងផ្សារទំនើបអេអនម៉ល ក្រោមវត្តមានផលិតករ តារាសម្ដែង និងទស្សនិកជនជាច្រើននាក់ ចូលរួមអបអរសាទរ។
អ្នកស្រី ផេង វ៉ូឌែនី ដែលជាផលិតករ និងជាអ្នកបោះទុនផលិតរឿង «លត់ដែកថែប»បានថ្លែងថា ទោះបីជាលោកស្រីបានឃ្លាតឆ្ងាយ ទៅរស់នៅអាមេរិកជាច្រើនឆ្នាំហើយក្ដី ក៏លោកស្រីនៅតែមានចិត្តស្រឡាញ់ វិស័យសិល្បៈខ្មែរ ជាពិសេសលោកស្រីចង់លើកស្ទួយភាពយន្តខ្មែរ ឲ្យកាន់តែរីកចម្រើន ដូចបណ្ដាប្រទេសជិតខាង ទើបសហការជាមួយនឹង អ្នកដឹកនាំវ័យក្មេង គឺលោក សុខ ដែន ផលិតភាពយន្តនេះឡើង ដោយបានប្រមែប្រមូលតួសម្ដែងល្បីៗ និងមានទេពកោសល្យជាច្រើននាក់ មកសម្ដែងក្នុងរឿងនេះ។ រឿង «លត់ដែកថែប» ធ្វើឲ្យអ្នកស្រីពេញចិត្តនឹងសមត្ថភាពរបស់លោក សុខ ដែន មានទេពកោសល្យការងារល្អ ពេលដឹកនាំ និងពេលសម្តែង គឺមានសភាពទាក់ទាញ មានការចាប់អារម្មណ៍។
អ្នកស្រី ផេង វ៉ូឌេនី ដែលជាអណិកជនខ្មែរ រស់នៅអាមេរិក ប៉ុន្តែនៅតែមានចិត្តស្រឡាញ់ វិស័យភាពយន្តខ្មែរ រហូតចាយលុយផលិតរឿងនេះឡើង បានបន្តឲ្យដឹងទៀតថា អ្នកស្រីបានឃើញគេថត និងផលិតរឿងជាច្រើនមកហើយ គឺមានស្ថានភាព ឬសាច់រឿងខុសៗគ្នា ដោយភាគច្រើនផ្ដោតសំខាន់ទៅលើ ខ្មោចព្រាយ បិសាច ឬអភិនិហា ជាដើម។ ប៉ុន្តែភាពយន្តរបស់លោកស្រី រឿង «លត់ដែកថែប» គឺមានលក្ខណៈពិសេសជាច្រើន ព្រោះផ្ទៃរឿងផ្ដោតទៅលើ ក្បាច់គុណបុរាណខ្មែរ ស៊ើបអង្កេត កំប្លែង និងស្នេហាស៊ីជម្រៅ ដែលជារសជាតិមួយថ្មី សម្រាប់ទស្សនិកជន។
ដោយឡែកលោក សុខ ដែន ជាតួឯកក្នុងរឿង និងផលិតករផងនោះ បានថ្លែងឲ្យដឹងថា សំខាន់យើងមានការបង្ហាញភាពកំប្លែងច្រើន ដែលសម្តែងដោយតារាកំប្លែងល្បីមាន ដូចជា នាយ ចឺម ប្អូនស្រី វណ្ណ នីឡា ជាដើម។ រឿង «លត់ដែកថែប» ត្រូវបានចំណាយដើមទុន ប្រមាណ៣ម៉ឺនដុល្លារជាង ហើយអ្វីដែលលោកចង់បញ្ជាក់ជូន បងប្អូនមហាជនបានដឹងនោះ គឺរឿងថ្មីនេះ មានបញ្ចូល ពីសំណាក់តារាបញ្ចូលសំឡេងអាជីព ទៅតាមតួអង្គនីមួយៗ ដោយសម្រេចមិនឲ្យតួសម្តែងរបស់យើង និយាយមានសំឡេងដោយខ្លួនឯងនោះទេ។
លោក សុខ ដែន បានលើកហេតុផលបញ្ជាក់ថា ការនិយាយដោយសំឡេងតួអង្គផ្ទាល់ ពិតជាមានការពេញនិយមចំពោះការគាំទ្រ។ ប៉ុន្តែបើសំឡេងតួអង្គមិនពីរោះ លោកពិតជាបារម្ភខ្លាចមានការរិះគន់ ឬធ្វើឲ្យតួអង្គផ្ទាល់មានសភាពស្តាប់ទៅមិនទំនង ទើបសម្រេចចិត្តដាក់អ្នកបញ្ចូល សំឡេងអាជីពក្នុងសាច់រឿងរបស់ក្រុមការងារ ផលិតតែម្តង។ យ៉ាងណាមិញលោករំពឹងថា បងប្អូននិងយុវវ័យទាំងអស់ នឹងរួមគ្នាបន្តជួយគាំទ្រស្នាដៃ របស់ផលិតកម្ម «Eye love film» ឲ្យបានច្រើន ព្រោះរឿងនេះ ត្រូវសម្រិតសម្រាំងឡើងយ៉ាងពិសេស សម្រាប់អ្នកគាំទ្រ៕