(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា គណបក្សសង្រ្គោះជាតិ ពេលនេះមិនមែនជាដៃគូ ប្រកៀកប្រកិត នឹងគណបក្សប្រជាជនកម្ពុជា ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣ទៀតឡើយ បន្ទាប់ពីគណបក្សនេះត្រូវបានបែកខ្វែក ហើយកំពុងដាំក្បាលចុះជាបន្តបន្ទាប់។
លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្នគណបក្សប្រឆាំងមួយនេះ កំពុងស្ថិតនៅក្នុងស្ថានភាពទប់ទល់ការពារខ្លួនប៉ុណ្ណោះ គ្មានឱកាសវាយលុកគូប្រជែងទាល់តែសោះ។ បើស្ថិតក្នុងស្ថានភាពបែបនេះ តើមានកម្លាំងប្រហាក់ប្រហែលនឹងដៃគូធ្វើម្តេចកើតទៅ? ទៅមិនរួចឡើយ កុំសង្ឃឹមឲ្យសោះ!»។
លោក សុខ ឥសាន បានលើកឡើងថា ពេលនោះកម្លាំងនយោបាយមួយចំនួនបានប្រមូលផ្តុំគ្នាគាំទ្រគណបក្សប្រឆាំង ធ្វើឲ្យសន្លឹកឆ្នោត គណបក្សប្រឆាំងកើនឡើង។ ក៏ប៉ុន្តែចាប់ពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ កម្លាំងនយោបាយទាំងនោះ បានចាកចេញពីគណបក្សនេះ ទៅបង្កើតគណបក្សរៀងរាល់ខ្លួន ដោយសារតែខកបំណងជាមួយនឹងគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានេះ គណបក្សប្រឆាំងក៏កំពុងស្រុតចុះ ដោយសារតែការលាលែងរបស់លោក សម រង្ស៊ី ផងដែរ។
លោកបានបញ្ជាក់បន្ថែមថា «ហេតុដូច្នេះហើយ បានជាកម្លាំងសមាគមអ្នកប្រជាធិបតេយ្យរបស់ លោក ម៉ម សូណង់ដូ ទាំងអស់ បានមូលមតិគ្នាបង្កើតជាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, លោកជំទាវ ឡាក់ សុភាព បានផ្តាច់ខ្លួនមកបង្កើតគណបក្សមួយដោយឡែក លោក សួន សេរីរដ្ឋា ដែលធ្លាប់គាំទ្រដែរនោះ ក៏បានមកបង្កើតគណបក្សអំណាចខ្មែរមួយដែរ។ ក្រៅពីនោះ កម្លាំងផ្ទៃក្នុងគណបក្សប្រឆាំង បាននិងកំពុងមាន ចលនាចាកចេញជាបន្តបន្ទាប់ ហូរហែជារៀងរាល់ថ្ងៃពីគណបក្សប្រឆាំងដោយគ្មានស្តាយស្រណោះ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច បានបន្ថែមទៀតថា បច្ចុប្បន្នគណបក្សសាង្គ្រោះជាតិ កំពុងស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជា មិនច្បាស់លាស់អស់សង្ឃឹម។
ក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣ មានគណបក្ស២ប៉ុណ្ណោះ ដែលទទួលបានអសនៈនៅក្នុងរដ្ឋសភា ក្នុងនោះគណបក្សប្រជាជនកម្ពុជា បាន៦៨អសនៈ ដែលមានចំនួនលើសពី៥០បូក១ ជាអ្នកដឹកនាំរាជរដ្ឋាផិបាល ហើយគណបក្សសង្គ្រោះជាតិ បាន៥៥អសនៈ។ លទ្ធផលនៃការបោះឆ្នោតនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនអះអាងថា គឺជាលទ្ធផលប្រកៀកប្រកិតគ្នាដ៏កម្រមួយ៕