(ភ្នំពេញ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរថយន្តកុងទីន័រមួយគ្រឿង បានព្រលះរថយន្តតាកូម៉ាមួយគ្រឿងទៀត ប៉ើងធ្លាក់ចូលប្រឡាយទឹក បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ រីឯរថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ជាប់។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខតំបន់ «សេដ្ឋកិច្ចពិសេសភ្នំពេញ» លើកំណាត់ផ្លូវជាលេខ៤ ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលបានឲ្យដឹងថា រថយន្តកុងទីន័របង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-4531 ធ្វើដំណើរពីកើតទៅលិចគោលដៅ ទៅកាន់ខេត្តព្រះសីហនុ។ ចំណែករថយន្តរងគ្រោះម៉ាកតាកូម៉ាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២F-4841និងម្ចាស់រថយន្តឈ្មោះ សុខ ឡា អាយុ២៤ឆ្នាំ ត្រូវបានរងរបួសធ្ងន់។
មន្រ្តីនគរបាលដដែលបានបន្តទៀតថា នៅមុខកើតហេតុឃើញរថយន្តជនរងគ្រោះខាងលើ បានបើកក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងទីន័របង្ក បានបើកក្នុងទិសដៅពីកើតទៅលិចច្រាស់ទិសគ្នាបើកជេងគេជេងឯង បណ្តាលឲ្យបុករថយន្តតាកូម៉ា ចំធុងប្រេងពេញទំហឹង ដោយសាររថយន្តជនរងគ្រោះ នៅមិនទាន់អស់ល្បឿន ក៏បានរេចង្កូតចំងាយប្រហែលជាង៥០ម៉ែត បណ្តាលឲ្យធ្លាក់ទឹកប្រឡាយតែម្តង រីឯអ្នកបើកបរក្នុងរថយន្តគ្រោះរបួសធ្ងន់ត្រូវរថយន្តសាមុយ ដឹងយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាលម៉ែត។ ក្រោយពីបង្កហេតុរថយន្តបង្កបន្ថែមប្រុងរត់គេចខ្លួន តែត្រូវបានជាពលរដ្ឋជួយដេញចាប់បានភ្លាមៗ។
ក្រោយកើតហេតុ នគរបាលចរាចរណ៍ជំនាញ នៃស្នងការរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វេង និងនាំយករថយន្តទាំងពី ទៅរក្សារទុកដើម្បីរងចាំការ ដោះស្រាយគ្នានាពេលក្រោយ៕