(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសផ្ដល់ជំនួយដល់សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ដែលបានបណ្ដុះបណ្ដាលលើជំនាញ ទេសចរណ៍ ព្រមទាំងជំរុញការបណ្ដុះបណ្ដាលជំនាញនេះ ឲ្យទូលំទូលាយបន្ថែមទៀត ពិសេសឲ្យស្របតាមស្ដង់ដារជាតិ និងស្ដង់ដារអាស៊ាន។
ការប្រកាសផ្ដល់ជំនួយបច្ចេកទេសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន នៃសេវាកម្មធ្វើដំណើរ ក្រោមវត្តមានលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់ លោករដ្ឋមន្រ្តី ថោង ខុន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។
លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានឲ្យដឹងថា សិក្ខាសាលានេះ គឺបានផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ផ្នែកឯកជន សាលាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលទាំងអស់ ឲ្យធ្វើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដល់យុវជនកម្ពុជា តាមកម្មវិធីសិក្សាអាស៊ាន សំដៅធ្វើឲ្យអ្នកជំនាញមានសមត្ថភាពបម្រើការងារក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ទាំងមូល ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន។
លោកបានបន្តថា «ក្រសួងទេសចរណ៍មានឯកសារ និងធនធានមនុស្ស ដែលទទួលបានការបណ្ដុះបណ្ដាលដោយអាស៊ាន ដើម្បីជួយដល់ភាគីឯកជន ក៏ដូចជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលនានា ក្នុងការអនុវត្តកម្មវិធីសិក្សាអាស៊ាន ដែលមាន៣២មុខជំនាញ ក្នុងនោះស្ថិតក្នុងសេវាកម្មសណ្ឋាគារ ២៣មុខជំនាញ និងផ្នែកទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ៩មុខជំនាញ»។
ក្រសួងទេសចរណ៍ បានបណ្ដុះបណ្ដាលគ្រូបង្គោល ជូនសាលាបណ្ដុះបណ្ដាលនានា និងមជ្ឈមណ្ឌលអាជីវកម្ម បានចំនួន៤៦៣រូប នៅទូទាំងប្រទេស ដើម្បីធ្វើការបណ្ដុះបណ្ដាលបន្តដល់សិស្ស-និស្សិត និងបុគ្គលិកដែលកំពុងបម្រើការងារតាមសណ្ឋាគារ។ បច្ចុប្បន្ន សិស្ស-និស្សិតដែលបានបញ្ជប់ការសិក្សា តាមស្ដង់ដារកម្មវិធីបណ្ដុះបណ្ដាលអាស៊ាន មានចំនួនជិត១ពាន់នាក់ រួចហើយ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដាក់អនុសាសន៍ថា ដើម្បីជំរុញការអភិវឌ្ឍជំនាញទេសចរណ៍បន្ថែមទៀត ក្រសួងទេសចរណ៍ បានលើកទឹកចិត្ត និងប្រកាសផ្ដល់ជំនួយបច្ចេកទេសបន្ថែមទៀត ដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ឲ្យបញ្ចូលកម្មវិធីបណ្ដុះបណ្ដាលជំនាញទេសចរណ៍ជាតិ និងអាស៊ាន ផ្នែកភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ នៃសេវាកម្មធ្វើដំណើរ ក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់ខ្លួន។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ បាននិងកំពុងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលកម្មវិធីបណ្ដុះបណ្ដាលជំនាញអាស៊ានខាងលើ តាមវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស សំដៅធ្វើឲ្យយុវជនមានជម្រើសចាប់យកការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ តាំងពីកម្រិតវិទ្យាល័យឲ្យហើយ៕