(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានស្តីបន្ទោសធ្ងន់ៗ ដល់មន្រ្តីជើងក្រោមមួយចំនួន ដែលបានបណ្តែតបណ្តោយ ឲ្យកើតមានបទល្មើសព្រៃឈើ ក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង រួមមាន៖ ក្នុងដែនជម្រកសត្វព្រៃ និងនៅតាមបន្ទាត់ព្រំដែនជាដើម។ ជាមួយគ្នានេះ ជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់មកកាប់ឈើនៅក្នុងទឹកដីខេត្តជាប់ព្រំដែនមួយនេះ។
លោកអភិបាលខេត្ត បានថ្លែងសង្កត់ធ្ងន់ និងបានចោទជាសំណួរដល់មន្រ្តីឈរជើង នៅតាមចំណុចរៀងៗខ្លួនទាំងនោះថា តើមន្រ្តីទាំងនោះឈរជើង នៅទៅនោះធ្វើអ្វីខ្លះ? ព្រោះមួយរយៈពេលកន្លងមកនេះ បទល្មើសព្រៃឈើ សត្វព្រៃ នៅតាមតបន់មួយចំនួន កំពុងបានកើតឡើងជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោក ស្វាយ សំអ៊ាង បានដាក់ចេញនូវបទបញ្ជាដល់មន្រ្តីជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ទូទាំងខេត្ត រួមមាន៖ មេព្រៃ មេបរិស្ថាន នាយកដែនជម្រកសត្វព្រៃគ្រប់តំបន់ហាមឃាត់ សមត្ថកិច្ចនគរបាលការពារព្រំដែន យោធាការពារព្រំដែន ត្រូវតែសហការគ្នាធ្វើការទប់ស្កាត់ និងបង្រ្កាប បោសសំអាត បទល្មើសព្រៃ សត្វព្រៃ និងបទល្មើសផ្សេងៗទៀត ដែលកើតមានក្នុងអាណាចក្រខេត្តមណ្ឌលគិរី ក្នុងដែនដែលខ្លួនទទួលខុសត្រូវ ជាពិសេសនៅតាមបន្ទាត់ព្រំដែនឲ្យមានប្រសឹទ្ធិភាព តម្លាភាព និងការទទួលខុសត្រូវ។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ លោកអភិបាលខេត្តបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «ការទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងអស់នេះ វាជាបន្ទុករបស់មន្រ្តីទាំងអស់ខាងលើនេះ ហើយជារឿយៗនិងជាប្រចាំ ខ្ញុំបានប្រជុំដាក់ផែនការជំរុញឲ្យមន្រ្តីៗទាំងនោះ ធ្វើការទប់ស្កាត់ និងបង្រ្កាបជាប្រចាំ ការអនុវត្តនូវផែនការការងារ ដែលខេត្តបានដាក់ជូននោះ ក្នុងនាមរដ្ឋបាលសាលាខេត្ត ក៏បានធ្វើការកោតសរសើរ ចំពោះស្នាដៃរបស់មន្រ្តីអនុវត្តច្បាប់ទាំងអស់ ដែលមានស្នាដៃល្អកន្លងមក»។
លោកអភិបាលខេត្ត បានថ្លែងបែបចំអកដល់មន្រ្តីៗ ទទួលខុសត្រូវទាំងអស់នៅមណ្ឌលគិរីថា តើមន្រ្តីទាំងនោះចង់ឲ្យអភិបាលខេត្ត ចុះដេកយាមកាមនៅតាមចំណុចឈរជើងជំនួសមន្រ្តីទាំងនោះឬ?។ លោក ស្វាយ សំអ៊ាង បានទទួចស្នើឲ្យមន្រ្តីដែលមានតួនាទីទទួលខុសត្រូវ សូមមេត្តាធ្វើការកែប្រែឲ្យបានឆាប់រហ័សងាកមកធ្វើការពង្រឹង និងជំរុញការអនុវត្តច្បាប់រួមគ្នា ធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់រូបភាព រក្សាឲ្យបាននូវសម្បត្តិធនធានធម្មជាតិរបស់ជាតិឲ្យបាននៅគង់វង្ស ដើម្បីកសាងស្នាដៃជូនសង្គមជាតិ និងប្រជាជន។
យ៉ាងណាក៏ដោយលោកអភិបាលខេត្ត ក៏ថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែង របស់មន្រ្តីអនុវត្តច្បាប់នៅខេត្តមណ្ឌលគិរី ព្រមទាំងគណៈកម្មការថ្នាក់ជាតិទប់ស្កាត់និងបង្រ្កាបធនធានធម្មជាតិ ដែលបានធ្វើការបង្រ្កាបបទល្មើសព្រៃឈើ បានកើតឡើងនៅមណ្ឌលគិរី ក្នុងនោះធ្វើការឃាត់ខ្លួនបានជនជាតិវៀតណាមជាច្រើននាក់ ជាបន្តបន្ទាប់រួមទាំងវត្ថុតាងផងដែរ ឆ្លងដែនខុសច្បាប់ ចូលមកដីកម្ពុជា តាមស្រុកអូររាំង និងស្រុកកោះញែក មកកាប់ឈើខុសច្បាប់។
បច្ចុប្បន្នជំនាញកំពុងបញ្ជូនខ្លួនពួកគេមកកាន់ខេត្ត និងធ្វើការប្រគល់ខ្លួនទៅឲ្យសាលាដំបូងចាត់ការតាមផ្លូវច្បាប់ និងឈានទៅស្រាវជ្រាវអ្នកជាប់ពាក់ព័ន្ធ ចាត់វិធានការណ៍តាមនិតិវិធីតាមផ្លូវច្បាប់៕