(ពោធិ៍សាត់)៖ ករណីស្ត្រីវ័យ៥៣ឆ្នាំម្នាក់ នៅក្រុងពោធិ៍សាត់ ដែលត្រូវបានក្រុមគ្រួសារប្រទះឃើញ ចង-ក សម្លាប់ខ្លួន ជាមួយអាវជជុះ ជាប់នឹងធ្នឹមផ្ទះបាយ ហើយត្រូវបានគេសង្ស័យថា អាចមកពីជំពាក់លុយគេ ខ្លាចប្តីដឹងនោះ ស្រាប់តែនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ សាច់ញាតស្រី្ដរងគ្រោះ បានចេញមុខបដិសេធចំពោះព័ត៌មានទាំងនេះ ពោលមិនមែនស្លាប់ដោយការជំពាក់បំណុលនោះឡើយ។
លោក សួន លីណា ត្រូវជាក្មួយប្រុស របស់ជនស្រ្ដីរងគ្រោះខាងលើនេះ បានបញ្ជាក់មកអង្គភាព Fresh News តាមរយៈទូរសព្ទ័នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះឲ្យដឹងថា «ខ្ញុំសូមចេញមុខបដិសេធទាំងស្រុង ចំពោះព័ត៌មានបានចុះផ្សាយថា អ៊ុខ្ញុំ ចង-ក សម្លាប់ខ្លួន ដោយសារជំពាក់បំណុលនោះ វាមិនមែនជាការនោះពិត»។
លោក សួន លីណា បាននិយាយឲ្យដឹងថា ចំពោះការស្លាប់អ៊ុរបស់លោក មិនទាន់ដឹងពីមូលហេតុនៅឡើយទេ តែ មានការសង្ស័យថា គាត់មានគ្រោះ គឺមិនមែនស្លាប់ដោយសារជំពាក់បំណុលគេនោះទេ។
សូមបញ្ជាក់ថា ស្ត្រីដែលដាច់ចិត្តចងកសម្លាប់ខ្លួន មានឈ្មោះ មាស សុផល អាយុ៥៣ឆ្នាំ មានមុខរបរជាអាជីវករលក់អាវជជុះ ក្នុងផ្សារពោធិ៍សាត់ មានប្តីឈ្មោះ អ៊ីត សួងមុនី អាយុ៥៤ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលខេត្តពោធិ៍សាត់ បានស្លាប់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕