(ព្រះសីហនុ)៖ លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំយុទ្ធនាការបន្តចុះផ្សព្វផ្សាយ ពីគោលនយោបាយរបបហានិភ័យការងារ និងរបបថែទាំសុខភាព ដល់កម្មករ នៅរោងចក្រ Romantic Leather (Cambodia) Co., Ltd ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ថ្លែងទៅកាន់បងប្អូនកម្មករ លោក សេង សក្តា បានឲ្យដឹងថា «ប.ស.ស មានភារកិច្ចផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ការងារ ផ្តលការធានារ៉ាប់រងសុខភាព និងបើកប្រាក់រឺត្រែត ពេលកម្មករចូលនិវត្តន៍»។
លោកបន្តថា ពេលកម្មករគ្រោះថ្នាក់ការងារ ទទួលបានការធានារ៉ាប់រងពី ប.ស.ស ដូចខាក្រោម៖
១៖លុយថ្លៃដឹកជញ្ជូនជនរងគ្រោះ
២៖លុយថ្លៃសង្គ្រោះបន្ទាន់
៣៖លុយថ្លៃព្យាបាលរហូតដល់ជាសះស្បើយ
៤៖លុយឧបត្ថម្ភប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
៥៖លុយឧបត្ថម្ភដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ
៦៖លុយឧបត្ថម្ភប្រចាំថ្ងៃ ចំពោះអ្នកបាត់បង់គ្រោះថ្នាក់ការងារអចិន្ត្រៃយ៍
៧៖ចំពោះគ្រោះថ្នាក់រហូតដល់ពិការភាពទទួលបានសម្ភារៈ ដូចជា ដៃជើងអវៈយវៈសិប្បនិមិត្ត ឈើច្រត់ រទេះរុញ...
៨៖ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា ជាងអ៊ុតសក់ ជាងសំអាង ជាងជួសជុលទូរស័ព្ទ ជាងភ្លើង...
៩៖ចំពោះជនរងគ្រោះរហូតដល់ស្លាប់ ទទួលបានលុយឧបត្ថម្ភធ្វើបុណ្យសព ចំនួន៤លានរៀល លុយឧបត្ថម្ភកូនដល់អាយុ១៨ឆ្នាំ បើនៅរៀនផ្តល់ឲ្យដល់អាយុ២១ លុយឧបត្ថម្ភ ប្តី ឬប្រពន្ធ កូន និងជនចាស់ជរានៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ។
ជាមួយគ្នានេះ ប.ស.ស បាននឹងកំពុងផ្តល់គោលរបបថែទាំសុខភាពដល់បងប្អូនកម្មករ រួមមាន៖
១៖ទទួលបានសេវាពិគ្រោះជំងឺដោយមិនគិតថ្លៃ
២៖ទទួលបានការព្យាបាលដោយមិនគិតថ្លៃ
៣៖ទទួលសេវាពិនិត្យសុខភាព មុន និងក្រោយពេលសម្រាកមាតុភាព
៤៖ពេលលំហែមាតុភាព៣ខែ កម្មករទទួលលុយប្រាក់ខែ ពីរោងចក្រ៥០% ពី ប.ស.ស ផ្តល់៧០% សរុប១២០%
៥៖ទទួលបានថ្លៃសម្រាលកូន
៦៖ទទួលបានសេវាថែទាំ និងបង្ការសុខភាពជាដើម។
លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានធ្វើការពន្យល់ និងណែនាំអប់រំពីសុវត្ថិភាពលើការធ្វើដំណើរ ដល់កម្មករទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ ដែលមានខ្លឹមសារដូចខាងក្រោម៖
១៖មិនត្រូវបើកបរលើសល្បឿនកំណត់ដាក់ខាត
២៖មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត
៣៖មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងញៀនដាច់ខាត
៤៖មិនត្រូវបើកបរស្ថិតនៅក្រោមស្ថានភាពងងុយដេកដាច់ខាត
៥៖ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវដាច់ខាត
៦៖ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
៧៖ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច
៨៖ត្រូវប្រកាន់ស្តាំជានិច្ច
៩៖ត្រូវត្រួតពិនិត្យបច្ចេកទេសយានយន្តជានិច្ច
១០៖ត្រូវប្រុងប្រយ័ត្នជានិច្ច៕