(ព្រះវិហារ)៖ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ​  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ​លោក សំ លៀងទ្រី បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានយានយន្តត្រូវយកយានយន្តរបស់ខ្លួន ទៅត្រួតពិនិត្យមើល លក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ មុននឹងបើកបរតាមដងផ្លូវ​ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកសំ លៀងទ្រី បានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានឡើងគ្រប់ពេលវេលា នៅស្រុកយើង និងនៅលើពិភពលោកដែលករណីខ្លះ បណ្តាលមកពីកត្តាផ្សេងៗដូចជាកត្តាមនុស្ស​៖ ឫអ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍ ដោយបើកបរក្នុងល្បឿនលឿនល្មើសច្បាប់កំណត់​ បើកបរពេលមានជាតិស្រវឹង​ បើកបរមិនពាក់ខ្សែរក្រវ៉ាត់ និងមិនពាក់មួកសុវត្ថិភាពជាដើម។

លោកថា កត្តាយានយន្ត៖ ម្ចាស់យានជំនិះមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមពេលកំណត់​ ធ្វើឲ្យអ្នកបើកបរមិនអាចបញ្ជាយានជំនិះបាន នៅពេលកំពុងបើកបរ​ ដូចជា ហ្រ្វាំងមិនស៊ី បែកកង់​ ភ្លើងបំភ្លឺផ្លូវមិនច្បាស់ជាដើម។ កត្តាផ្លូវ៖ ដោយហេដ្ឋារចនាសម្ពន្ធ័ផ្លូវ​ ស្ពានខ្លះនៅមិនទាន់មានលក្ខណៈស្តង់ដា ដូចជាផ្លូវគ្រលុក​ ផ្លូវកោងខ្លាំ​ង​ផ្លូវធំតែស្ពានតូចចង្អៀត និងមិនមានផ្លាកសញ្ញាចរាចរណ៍គ្រប់គ្រាន់ នៅលើដងផ្លូវសាធារណៈមួយចំនួនជាដើម។ កត្តាទាំងនេះ លោកសំណូមពរឲ្យអ្នកបើកបរត្រូវមានការប្រុងប្រយត្ន័ជាប់ជានិច្ច​ ពិសេសគីត្រូវយកយានយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ​ មុននិងបើកបរតាមដងផ្លូវដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។

ដោយឡែកចំពោះកត្តាផ្លូវមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងតែសស្រាក់សស្រាំធ្វើការជួសជុលឡើងវិញ ស្ទើរគ្រប់ទីកន្លែងដោយបានជួសជុសផ្លូវខូច​ ផ្លូវជង្ហុគ​ ផ្លាកសញ្ញាចរាចរណ៍ បង្គោលគីឡូផ្លូវ ដែលរងការខូចខាតដោយសារការបុកប៉ះ និងធ្វើឲ្យស្អាតឡើងវិញ​ និយាយរួមយើង និងធ្វើឲ្យហើយមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកដល់៕