(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿង បើកបុករះម៉ូតូនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលនៅជិតច្រមុះជ្រូកក្បាលថ្នល់នោះ បានបណ្តាលឲ្យស្លាប់៣នាក់ របួសចំនួន៨នាក់ និងខូចខាតម៉ូតូចំនួន៧គ្រឿង។ នេះបើយោងតាមលោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ។
លោក សែម គន្ធា បានបញ្ជាក់ថា ជនបង្កមានឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ ជាអ្នកលក់ទូរសព្ទ័ដៃ រស់នៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីររុស្ស៊ី ដោយសារតែប្រជាពលរដ្ឋ ដែលខឹងសម្បាយ៉ាងខ្លាំង បាននាំគ្នាវាយស្ទើរស្លាប់នៅកន្លែងកើតហេតុ។
បើតាមលោក សែម គន្ធា សម្រាប់ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ មានស្រី២នាក់ ត្រូវជាម្តាយមីង និងក្មួយ ហើយបុរសម្នាក់ទៀត ត្រូវជាប្តីរបស់ស្រ្តីរងគ្រោះ (មីង)។ បុរសរងគ្រោះជាពលករខ្មែរនៅកូរ៉េ ហើយបានធ្វើដំណើរមកស្រុកវិញ ដើម្បីត្រៀមចូលរួមពិធីមង្គលការ ក្មួយស្រីរបស់ខ្លួន នាពេលខាងមុខដ៏ខ្លីនេះ។
ជនរងគ្រោះទី១ឈ្មោះ វ៉ង សុខណាក់ អាយុ៣៥ឆ្នាំ រស់នៅភូមិ៣ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងប្រពន្ធដែលស្លាប់ជាមួយឈ្មោះ សេង អាន អាយុ២៥ឆ្នាំរស់នៅជាមួយគ្នានេះ។ ដោយឡែក ក្មួយស្រីដែលជិតរៀបការនោះឈ្មោះ ណា ស្រីនីន អាយុ២៣ឆ្នាំ រស់នៅផ្ទះលេខ៧សេ ផ្លូវលេខ៤៨៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
លោក សែម គន្ធា បានបន្តទៀតថា សម្រាប់ជនរងគ្រោះទំាំង៨នាក់ មានរងរបួសធ្ងន់ចំនួន៦នាក់ និងស្រាល២នាក់ កំពុងសម្រាកនៅព្យាបាលនៅមន្ទីរស្ស៊ី មន្ទីរពេទ្យលោកសង្ឃ និងមន្ទីរពេទ្យកាល់ម៉ែត។ បើតាមមន្រ្តីនគរបាលរូបនេះ មុនពេលកើតហេតុ ជនបង្កបានបើករថយន្តម៉ាក Camry ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2M-2245 ធ្វើដំណើរបញ្ច្រាស់ទិសចរាចរណ៍ (បញ្ច្រាស់ផ្លូវ) តាមមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុករះម៉ូតូរបស់ជនរងគ្រោះទាំង៧គ្រឿងតែម្តង។ សម្រាប់មូលហេតុនេះ ត្រូវលោកបានបញ្ជាក់ថា បើកលឿន និងបញ្ច្រាស់ទិសចរាចរណ៍។
បើតាមសេចក្តីរាយពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយរថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។ បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបានព្យាយាមជួយយកអ្នកបើករថយន្ត ចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍ ដោយសារតែមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹក ខ្លាចក្រែងផ្ទុះឆេះនៅពេល ប្រជាពលរដ្ឋវាយកម្ទេចនោះ។
សម្រាប់រថយន្តបង្កដែលខូចខាតស្ទើរទាំងស្រុងនោះ និងម៉ូតូរបស់ជនរងគ្រោះផ្សេងទៀត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តទៀតតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ ស្ថានភាពរញ៉េរញ៉ៃ ដែលប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំងនោះ បានស្ងប់ស្ងាត់ទៅវិញ នៅប៉ុន្មានម៉ោងក្រោយ៕
សូមទស្សនាវិដេអូផ្សាយផ្ទាល់ ពីកន្លែងកើតហេតុ៖
រូបប្តី-ប្រពន្ធ ដែលត្រូវរថយន្តបុករះស្លាប់
(ជនបើករថយន្តបង្កគ្រោះថ្នាក់ ត្រូវបានប្រជាពលរដ្ធព្រួតវាយក្រោយព័ទ្ធចាប់ខ្លួនបាន)