(ចិន)៖ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ គណៈប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលផ្សាយកម្មវិធី និងមូលដ្ឋានបច្ចេកទេស សម្រាប់ការបណ្តុះ បណ្តាលវិស័យបច្ចេកទេស កម្មវិធីនិងការផ្សាយ របស់ស្ថានីយ៍ថ្មីរបស់ទូរទស្សន៍ យូណាន ឌីជីថល Yunnan Digital TV ។
លោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ប្រាប់ Fresh News ថា ទូរទស្សន៍ យូណាន ឌីជីថលផ្សាយកម្មវិធី១០៦កាណាល់ តាមប្រព័ន្ធ DTMB ហើយបច្ចុប្បន្នបានអភិវឌ្ឍដល់ DTMB-A ។ ទូរទស្សន៍យូណាន ឌីជីថល កំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលមានទូរទស្សន៍ជាតិកម្ពុជា ជាដៃគូសហប្រតិបត្តិការ និងជាមួយប្រទេស ឡាវ, ណេប៉ាល់, ស្រីលង្កា និង បង់ក្លាដេស។
លោកបន្តទៀតថា បន្ទាប់ពីដំណើរទស្សនា មជ្ឈមណ្ឌលបច្ចេកទេសរួចមក លោករដ្ឋមន្រ្តីបានជួបប្រជុំ ជាមួយថ្នាក់ដឹកនាំទូរទស្សន៍ យូណាន ឌីជីថល ដឹកនាំដោយ លោក Zheng Kang នាយក ទូរទស្សន៍ យូណាន ឌីជីថល ដោយបានផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការពិសេស គឺលើបច្ចេកទេសប្រព័ន្ធឌីជីថលថ្មី គឺ DTMB-A នៅកម្ពុជា ។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអបអរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងទូរទស្សន៍ យូណាន ឌីជីថល ជាមួយទូរទស្សន៍ជាតិកម្ពុជា ជាពិសេសគឺការផ្តល់ការបណ្តុះ បណ្តាលអ្នកបច្ចេកទេសកម្ពុជា តាមខេត្តនានា លើវិស័យទូរទស្សន៍ឌីជីថល និងបានជម្រុញឲ្យមានការបណ្តុះបណ្តាលនេះ កាន់តែច្រើនឡើងៗ ក្នុងឆ្នាំបន្តបន្ទាប់នេះ៕