(ភ្នំពេញ)៖ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជូនអ្នកបើក រថយន្តបង្កដែលបុកស្រ្តីជាកម្មការិនីកាត់ដេរម្នាក់ ផ្ទុបនឹងបង្គោលខ្សែភ្លើងបណ្តាលឲ្យដាច់ជើងម្ខាងទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។ លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចមុខផ្ទះអ៊ុតសក់រស្មី លើផ្លូវបេតុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ស្លាកលេខភ្នំពេញ3C-5550 បានធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ពីទិសខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅឆ្វេងឡើងលើចិញ្ចើមផ្លូវ ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កចតស្ងៀមម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CY-0276 និងជ្រុលទៅបុកស្រ្តីម្នាក់ ដែលកំពុងឈរនៅលើចិញ្ចើមផ្លូវ បុកផ្ទុបនឹងបង្គោលខ្សែភ្លើង បណ្តាលឲ្យដាច់ជើងខាងស្តាំ នៅកន្លែងកើតហេតុ រងរបួសធ្ងន់ និងនៅពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃ។

បើតាមលោក សែម គន្ធា​ មួលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើករថយន្ត បើកបរលឿនខ្ជីខ្ជាមិនប្រុងប្រយ័ត្ន៕