(ភ្នំពេញ)៖ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងប្រទេសហ្ស៊កដានី ស្ថិតក្នុងទ្វីបអាស៊ីដូចគ្នាពុំមានប្រវត្តិជួបគ្នាពី មុនមកនោះទេ ហើយក៏ជាក្រុមមិនដែលឡើងដល់វគ្គចែកពូលនៃ World Cup ដូចគ្នាដែរ ក្រៅពីពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup ទៀតផង តែហ្ស៊កដានី ធ្លាប់ឡើងដល់វគ្គ៨ក្រុមចុងក្រោយនៃ Asian Cup បាន២ដងដែរគឺក្នុង ឆ្នាំ២០០៤ និងឆ្នាំ២០១១ ក្នុងការបង្ហាញខ្លួន៣ដង។
កីឡាករដែលត្រូវបានកោះហៅចូលជួយក្រុមជម្រើសជាតិហ្ស៊កដានី (Jordan) នាពេលបច្ចុប្បន្នភាគច្រើនលេងនៅក្រៅ ប្រទេសមានដូចជា ចកចៀ លីបង់ ម៉ូរ៉ុក ហុងកុង អូម៉ង់ បារ៉ែន កាតា និងអូស្រ្តាលីជាដើម ដោយមានលោក Abdullah Mester ជនជាតិហ្ស៊កដានី ជាគ្រូបង្វឹកបង្គោល គ្រាដែលកីឡាកររបស់ក្រុមគោព្រៃកម្ពុជាមាន ធារី ចន្ថាប៊ីន លេងនៅថៃ និងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា លេងនៅលីគលំដាប់ទី៣ របស់ជប៉ុន ក្រៅពីនោះ សុទ្ធតែជាកីឡាករលេងក្នុងស្រុក ដោយមានលោក Leonardo Luiz សញ្ជាតិប្រេស៊ីល ជាគ្រូបង្វឹកធំ។
អាចនិយាយបានថា ហ៊្សកដានី កំពុងឡើងជើងគួរឲ្យកត់សម្គាល់ តាមរយៈលេង៣ប្រកួតចុងក្រោយនេះមិនដែលស្មើ ឡើយ ដោយបានយកឈ្នះចកចៀ ១-០ ឈ្នះហុងកុង ៤-០ និងស្មើ ០-០ ទល់នឹងលីបង់ ខណៈ៣ប្រកួតចុងក្រោយ របស់កម្ពុជាធ្វើមិនបានល្អសោះ ដោយចាញ់វៀតណាម ២-១ ចាញ់អារ៉ាប់ប៊ីសាអូឌីត ៧-២ និងចាញ់ឥណ្ឌា ៣-២។
សូមបញ្ជាក់ផងដែរថា ក្នុងជំនួបផ្លូវការរបស់គ្រូបង្វឹកថ្មី Leonardo Luiz កម្ពុជា ប៉ះហ្ស៊កដានី នាម៉ោង ១១៖០០នាទី យប់នេះ (ម៉ោងនៅកម្ពុជា) ក៏មានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរនេះបើតាមការប្រកាសលើទំព័រ Facebook ផ្លូវការរបស់ទូរទស្សន៍ BTV-News ពីជំនួបបើកឆាកជើងទី១ នៃវគ្គសន្សំ ពិន្ទុប្រចាំពូល C ដោយមានកម្ពុជា ហ្ស៊កដានី អាហ្វហ្គានីស្ថាន និងវៀតណាម៕