(ពិភពលោក)៖ រហូតមកទល់ពេលនេះប្រទេស កូរ៉េខាងជើង នៅតែបង្ហាញការមិនចាប់អារម្មណ៍ ចំពោះការព្រមាន និងការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ ព្រមទាំងបន្តឥរិយាបទផ្គើនរបស់ខ្លួន ដោយការបាញ់គ្រាប់មីស៊ីលបាលីស្ទីក និងបន្តសកម្មភាពអាវុធប្រល័យលោក គួរឱ្យបារម្ភជាទីបំផុត។
ទង្វើរបស់ប្រទេសផ្តាច់ការមួយនេះបានស្តែងយ៉ាងច្បាស់ថា បានបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលធ្វើឱ្យមានការលើកឡើងជាសំណួរដដែលៗថា តើធ្វើយ៉ាងណាដើម្បីបញ្ឈប់ សកម្មភាពប្រជាជាតិដ៏រឹងរួសមួយនេះ។ ចម្លើយយ៉ាងខ្លី គឺវាលែងតែកំពូលមហាអំណាចពិភពលោកទាំងបីសហការពួតដៃគ្នាក្នុងទិសដៅរួម។ យើងដឹងហើយថា បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងជាបញ្ហាសន្តិសុខរួម ដែលបង្កក្តីបារម្ភរួមដល់ពិភពលោកទាំងមូល តែហេតុអ្វីបានជាកំពូលមហាអំណាចទាំងបីនៅតែរកច្រកចេញមិនបាន។
ជាការពិត បើពិនិត្យមើលស្ថានភាពជាក់ស្តែង ការស្វែងរកទិសដៅរួមប្រហែលអាចត្រឹមតែជាក្តីស្រមៃប៉ុណ្ណោះ មូលហេតុដោយសារមហាអំណាចទាំងបីមានគោលដៅផ្ទុយគ្នាស្រឡះ។ សហរដ្ឋអាមេរិក ចង់បង្រួបបង្រួមប្រទេសកូរ៉េទាំងពីរ ហើយប្រកាន់របបមូលធននិយម និងគាំទ្រលោកខាងលិច ខណៈដែលចិន ចង់ឱ្យប្រទេស កូរ៉េខាងជើង បន្តប្រឆាំងវត្តមានរបស់សហរដ្ឋអាមេរិក នៅដែនដីកូរ៉េដើម្បីការពារផលប្រយោជន៍ខ្លួន។ ចំណែករុស្ស៊ីវិញ មិនចង់ឱ្យសហរដ្ឋអាមេរិក ដណ្តើមយកទីតាំងឈរជើងដ៏កក់ក្តៅរបស់ខ្លួននៅក្នុងតំបន់អាស៊ីឡើយ។
ចាប់តាំងពីប្រទេសដ៏ឯកាមួយនេះ ផ្តើមការបាញ់សាកល្បងគ្រាប់មីស៊ីលជាលើកដំបូងក្នុងឆ្នាំ១៩៩៣ វាបានក្លាយជាបន្លាសម្រាប់ប្រទេស កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ហើយក្រោយមកក៏ក្លាយជាបញ្ហារបស់ចិនដូចគ្នាដែរ។
ការអភិវឌ្ឍន៍ និងការរីកសាយវិស័យឧស្សាហកម្មនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងសន្តិសុខពិភពលោកយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលជាក្តីបារម្ភនោះគឺ ការគំរាមកំហែងរបស់មេដឹកនាំ គីម ជុងអ៊ុន ចំពោះក្រុងវ៉ាស៊ីនតោន និងសេអ៊ូល និងការកើនឡើងជាលំដាប់នៃបច្ចេកវិទ្យាគ្រាប់មីស៊ីល ដែលជាផ្នែកមួយជម្រុញសមត្ថភាពអាវុធនុយក្លេអ៊ែរផងដែរ។
រដ្ឋាភិបាលក្រុង ព្យុងយ៉ាងត្រូវបានគេជឿជាក់ថា មានកាន់កាប់គ្រាប់មីស៊ីលជាង១,០០០គ្រាប់ ក្នុងទម្រង់ខុសៗគ្នា ក្នុងនោះរួមទាំងគ្រាប់មីស៊ីលបាលីស្ទីកផងដែរ ដែលអាចបាញ់ឆ្លងទ្វីប ត្រូវបានផលិតឡើងប្រើប្រាស់សម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយវាយប្រហារគូសត្រូវឆ្ងាយៗ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិក្នុងប្រទេស កូរ៉េខាងជើង។
សូមជម្រាបថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានហាមឃាត់មិនឱ្យប្រទេសទាំងអស់ប្រើប្រាស់បច្ចេកវិទ្យាគ្រាប់មីស៊ីលបាលីស្ទីកឡើយ ទោះក្នុងរូបភាពជាផ្កាយរណប ឬបាញ់ទៅលំហអាកាសក្តី។
ក្នុងស្ថានភាពដ៏តឹងតែងបែបនេះ មានតែសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីប៉ុណ្ណោះ ដែលអាចបញ្ឈប់ការបង្កហេតុរបស់ប្រទេស កូរ៉េខាងជើងក្នុងពេលថ្មីៗនេះបាន ប៉ុន្តែវាអាស្រ័យលើថា តើកំពូលមហាអំណាចទាំងបីអាចព្រមព្រៀងគ្នាដើម្បីស្វែងរកចំណុចរួមបានទេ? តាមស្ថានភាពបច្ចុប្បន្ន វាហាក់ដូចជាមិនអាចទៅរួចនោះទេ។
អ្វីដែលសំខាន់ការរង់ចាំបឺតយកផលប្រយោជន៍របស់ប្រទេសទាំងបី ពីស្ថានភាពនៅកូរ៉េខាងជើង មិនស្ថិតក្នុងចំណុចប្រសព្វគ្នាឡើយ។ ពួកគេស្ថិតក្នុងទីតាំងផ្ទុយគ្នាជានិច្ច ជាក់ស្តែងក្នុងសង្គ្រាមនៅកូរ៉េជាដើម នេះជាការពន្យល់របសលោក Ivanovitch។ រដ្ឋាភិបាលក្រុង ម៉ូស្គូ និងប៉េកាំង ធ្លាប់ជាប្រភពបច្ចេកទេស យោធា និងជំនួយដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ក្នុងអំឡុងនៃសង្គ្រាមកូរ៉េពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ខណៈដែលរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងសេអ៊ូល។ បញ្ហានេះបានក្លាយជារឿងប្រវត្តិសាស្ត្រ តែវាក៏មានឥទ្ធិពលដល់បច្ចុប្បផងដែរ។ ចំណែកថ្មីៗនេះកិច្ចពិភាក្សាដ៏ក្តៅគគុកអំពីការដាក់ពង្រាយ ប្រព័ន្ធចាប់ស្ទាក់គ្រាប់មីស៊ីលរបស់សហរដ្ឋអាមេរិក ក្នុងប្រទេស កូរ៉េខាងត្បូង ត្រូវបានគេស្គាល់ថា ប្រព័ន្ធTHAAD កំពុងក្លាយជាប្រភពនៃភាពតានតឹងថ្មីមួយទៀតរវាងមហាអំណាចទាំងអស់។
ប្រទេស កូរ៉េខាងត្បូង និងវ៉ាស៊ីនតោន សង្ឃឹមថា អាចប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទប់ទល់ការគំរាមកំហែងពីសំណាក់ប្រទេស កូរ៉េខាងជើង ប៉ុន្តែប្រទេស ចិន និងម៉ូស្គូ បែរជាបង្ហាញការប្រឆាំងផ្កាប់មុខទៅវិញ ដោយគិតថា THAAD នេះ ជាការគំរាមកំហែងសន្តិសុខក្នុងតំបន់ ព្រោះប្រទេស ចិនគិតថា ប្រព័ន្ធ THAAD នេះមានបំពាក់ប្រព័ន្ធរ៉ាដាដ៏ខ្លាំងពូកែ ដែលអាចវាស់ស្ទង់កម្រិតអាវុធរបស់ខ្លួនបានយ៉ាងងាយ ដែលវានឹងក្លាយជាចំណុចខ្សោយរបស់ចិន។
ការប្រឆាំងដ៏ខ្លាំងកា្លនេះ ធ្វើឱ្យយើងគ្មានក្តីសង្ឃឹមក្នុងការបញ្ឈប់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេស កូរ៉េខាងជើងបានឡើយ។ បើទោះបីជាថ្មីៗនេះ ចិនងាកយល់ស្របជាមួយអាមេរិកក្នុងការ បញ្ឈប់ការនាំចូលធ្យូងថ្មពីកូរ៉េខាងជើងក្តី តែបញ្ហា THAAD នេះបានចង្អុលបង្ហាញថា ចិន មិនទាន់ផា្លស់ប្តូរទាំងស្រុងឡើយ។
ការស្វែងរកច្រកចេញដើម្បីឈានទៅរកដំណោះស្រាយរួមលើបញ្ហាកូរ៉េខាងជើង មិនអាចលេចចេញជារូបរាងបានឡើយ បើប្រទេសទាំងបីមិនបញ្ឈប់ប្រជែងគ្នា ដើម្បីដណ្តើមយកផលប្រយោជន៍រៀងៗខ្លួន ពីភូមិសាស្ត្រនយោបាយនៃឧបទ្វីបកូរ៉េ។ ហេតុនេះមានតែប្រទេសតែមួយប៉ុណ្ណោះដែលអាចបញ្ឈប់សកម្មភាពរបស់កូរ៉េខាងជើងបាននោះគឺ ប្រទេសកូរ៉េខាងជើងខ្លួនឯងផ្ទាល់តែម្តង៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា