(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកសន្និបាទបូកសរុបលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាទីស្តីការក្រសួងមហាផ្ទៃ។
សន្និបាតបូកសរុបលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧នេះ ត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០១៧។
បើតាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ២០១៦ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន បាន៤២៤៦ករណី ឃាត់ខ្លួនជនសង្ស័យ៩៩៣៣នាក់ (ស្រី៩៦៤នាក់) មាន២១សញ្ជាតិ ក្នុងនោះបង្ក្រាបដោយកម្លាំងនគរបាលមាន ៣២៧៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧១៥៩នាក់ ខណៈបង្ក្រាបដោយកម្លាំងអាវុធហត្ថ មានចំនួន ៩៧១ករណី ឃាត់ខ្លួនជនសង្ស័យ២៧៧៤នាក់នាក់។
របាយការណ៍បន្តថា ក្នុងការបង្ក្រាបពេញ១ឆ្នាំ២០១៦ សមត្ថកិច្ចបានចាប់យកគ្រឿងញៀន និងសារធាតុផ្សំ សរុបចំនួនជាង ១៧៩គីឡូក្រាម។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា នៅឆ្នាំ២០១៦ អ្នកប្រើប្រាស់គ្រឿងញៀន នៅទូទាំងប្រទេសមានចំនួន ២០៦២១នាក់ ក្នុងនោះអ្នកប្រើគ្រឿងញៀន ដែលមិនបានទៅទទួលសេវាព្យាបាលមានចំនួន ៩០២០នាក់ ស្មើនឹង៤៥.១២ភាគរយ ខណៈអ្នកប្រើប្រាស់គ្រឿងញៀន ដែលទៅបានសេវាព្យាបាល មានចំនួន ១១៦០១នាក់ ស្មើនឹង៥៦.២៥ភាគរយ នៃចំនួនអ្នកញៀនសរុប៕