(ភ្នំពេញ)៖ ក្រោយតុលាការផ្តន្ទាទោសជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត រហូតមកទល់ពេលនេះ ជនជាប់ចោទពុំទាន់សម្រេចចិត្តថា នឹងប្តឹងឧទ្ធរណ៍ ឬទទួលយកទោសមួយជីវិត នៅឡើយទេ។
មេធាវីការពារក្ដីជនជាប់ចោទ គឺ លោក យុង ផានិត អះអាង នៅព្រឹកថ្ងៃទី២៨ ខែមីនាថា លោកនឹងទៅជួបកូនក្ដី នៅថ្ងៃទី២៩ ខែមីនា ក្នុងពន្ធនាគារ ដើម្បីចង់ដឹងឆន្ទៈកូនក្ដីថា ប្តឹងឧទ្ធរណ៍ ឬ ទទួលយកទោសមួយជីវិត។
សូមជំរាបថា លោក យុង ផានិត ធ្លាប់ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការសម្រេចបំបែកសំណុំរឿងបន្ថែម ដើម្បីស៊ើបអង្កេតរកអត្តសញ្ញាណអ្នកដែលផ្តល់អាវុធដល់ ជួប សម្លាប់ និង អត្តសញ្ញាណអ្នកដែលនាំជួប សម្លាប់ ឲ្យស្គាល់បណ្ឌិត កែម ឡី។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ផ្តន្ទាទោសជនជាប់ចោទ អស់មួយជីវិត ពាក់ព័ន្ធឃាតកម្មលើលោកបណ្ឌិត កែម ឡី ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់ តាមមាត្រា២០០និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។
នាសវនាការកន្លងទៅ ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ នៅតែសារភាពថា ខ្លួនពិតជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ពិតប្រាកដមែន ហើយសកម្មភាពនេះគឺ ខ្លួនធ្វើតែម្នាក់ឯង ពុំមានអ្នកនៅពីក្រោយខ្នងនោះទេ បើទោះបីជាក្រុមគ្រួសារនៃសពមិនជឿក៏ដោយ។ ជនជាប់ចោទ ជួប សម្លាប់ អះអាងទៀតថា មូលហេតុដែលខ្លួនសម្លាប់លោកបណ្ឌិត កែម ឡី ព្រោះខឹងនឹងជនរងគ្រោះដែលជំពាក់ប្រាក់ចំនួន៣០០០ដុល្លារ មិនព្រមសង ទើបខ្លួនធ្វើសកម្មភាពបែបនេះតែម្តង។
នៅក្នុងពេលសវនាការ តុលាការក៏បានបង្ហាញកាមេរ៉ាសុវត្ថិភាពនៅបរិវេណក្នុងស្តារម៉ាត រហូតដល់ចំណុចមុខវត្តស្វាយពពែ ដែលបង្ហាញថា ក្នុងអំពើឃាតកម្មនេះ គឺ មានតែជនជាប់ចោទ ជួប សម្លាប់ ម្នាក់ប៉ុណ្ណោះ ។ រីឯ ក្រយៅដៃលើកាំភ្លើង ត្រូវបានលទ្ធផលកោសល្យវិច័យបង្ហាញថា ពិតជាក្រយៅដៃរបស់ ជួប សម្លាប់ ពិតប្រាកដមែន។
អឿត អាង ហៅជួប សម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕