(ព្រះសីហនុ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ជូនចាស់ជរាគ្មានទីពឹង ស្ត្រីមេមាយក្រីក្រ កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន ១,៦៩៥គ្រួសារ ក្នុងនោះមកពីសង្កាត់លេខ១ ក្រុងព្រះសីហនុ មានចំនួន ២៨១គ្រួសារ និង ១,៤១៤គ្រួសារទៀត មកពី ៥០ភូមិ ១៤ឃុំ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងពិធីផ្តល់អំណោយនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីជាសម្តេចមិនបានអញ្ជើញមកដោយផ្ទាល់ក៏ដោយក៏ សម្តេចតែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព រស់នៅត្រូវមានអនាម័យ ហូបស្អាត ផឹកស្អាត និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឲ្យបានបាន៤ដងមុនពេលសម្រាលកូន និងបងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ត្រូវទៅទទួលថ្នាំពន្យាជីវិតឲ្យបានត្រឹមត្រូវតាម វេជ្ជបញ្ជារបស់គ្រូពេទ្យ ហើយបើសិនជាមានផ្ទៃពោះដែលមានមេរោគអេដស៍ សូមទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បី កុំឲ្យជំងឺនេះឆ្លងពីម្តាយទៅទារក។
លោកស្រី អគ្គលេខាធិការបានអំពាវនាវបន្ថែមទៀតថា សូមបង-ប្អូនទាំងអស់កុំធ្វើចំណាកស្រុកទៅប្រទេសជិតខាង ព្រោះប្រទេសយើងសព្វថ្ងៃមានការរីកចម្រើន និងកំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ និងមានការងារច្រើនទៀតសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត។
អំណោយសម្រាប់ចែកជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ និងក្រមា១។
ដោយឡែកសាខាកាកបាទក្រហមកម្ពជាខេត្តព្រះសីហនុ ផ្ដល់ជូនបន្ថែមនូវ នំបុ័ង ទឹកសុទ្ធ និងថវិកា ១ម៉ឺនរៀលផងដែរ៕