(ភ្នំពេញ)៖ សង្គ្រាមក្នុងសមរភូមិនយោបាយដោយពុះបំបែកជាតិសាសន៍ឯង ដើម្បីថ្វាយអំណាចជូនមេកន្ទ្រាញនៃបក្សរបស់ខ្លួន ដែលខ្លួនគិតថា ជាអធិរាជកំពុងក្លាយជាសុបិន្តទាំងថ្ងៃរបស់ក្រុមជំរុំព្រះអាទិត្យរបស់ CNRP។
ទង់ព្រះអាទិត្យរបស់ CNRP មិនមែនជាសញ្ញាបញ្ជាក់ពីភាពខ្លាំងរបស់មេកន្ទ្រាញរបស់ខ្លួន ដូចអធិរាជជប៉ុនដ៏មហិមានោះទេ! តាមពិត វាគ្រាន់តែជាទង់របស់ជំរុំឈ្មោះ «ព្រះអាទិត្យ» ដែលលាក់ខ្លួនក្នុងព្រៃជ្រៅ ហើយអាចស្គាល់ពន្លឺថ្ងៃម្តងម្កាលតែប៉ុណ្ណោះ។ ប៉ុន្តែពួកនេះមិនប្រមាណខ្លួន ហើយនៅតែចិញ្ចឹមចិត្តវាយប្រហារ និងលួចវាយប្រហារបន្ទាយ «ទេវតា» ប្រៀបបានជាក្រុមឈ្លប ឬក្រុមឧទ្ទាមបន្លំខ្លួនជារបៀបលាពាក់ស្បែកខ្លា។
តាមរយៈលិខិតរបស់ សុភា ទន្សាយ បានផ្ញើមកកាន់សារព័ត៌មាន Fresh News បានរៀបរាប់ថា ការកៀរគរក្រុមកវីនិពន្ធបែបនយោបាយ និងចិត្តសាស្ត្រ និងក្រុមវិភាគឯករាជ្យ (ខាងក្រុមខ្លួន) ត្រូវបានទេវតាស្គាល់ក្រយៅយ៉ាងច្បាស់។ ក្នុងពេលដែលមេកន្ទ្រាញព្រះអាទិត្យកំពុងតែវក់នឹងស្រីញី ក្រុមបរិវារអាម៉ីអាថោង និងបក្សពួករបស់គេកំពុងខិតខំប្រឹងបម្រើមហិច្ឆតា និងភាពលោភលន់របស់មេកន្ទ្រាញ ដោយបាននិងកំពុងរៀបចំយុទ្ធសាស្ត្រ សម្រាប់បើកសមរភូមិថ្មីៗ រួមមាន៖
១៖ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (Cambodian Center for Independent Media-CCIM) ជាយន្តការផ្សព្វផ្សាយ និងឃោសនាសារព័ត៌មាន ដែលបម្រើឱ្យមហិច្ឆតានយោបាយរបស់ កូនជំរុំព្រះអាទិត្យ ហើយវិទ្យុសម្លេងប្រជាធិបតេយ្យ (Voice of Democracy-VOD) ដែលជាឧបករណ៍របស់ក្រុមនេះ បានបន្លំជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល ដើម្បីយកលេសជាអ្នកបម្រើសេរីភាពសារព័ត៌មាន។ល។ តាមពិត ប៉ា ងួនទៀង ដែលបច្ចុប្បន្នជាប្រធាន CCIM/ VOD ធ្លាប់ជាប្រធានកម្មវិធីវិទ្យុរបស់ កឹម សុខា តាំងពីពេលដែល កឹម សុខា នៅជាប្រធានអង្គការវិទ្យាស្ថានកម្ពុជា ដើម្បីសិទ្ធិមនុស្ស Cambodian Institute for Human Rights-CIHR មកម៉្លេះ។ ពួកគេបន្តលាក់មុខជួយ កឹម សុខា តាមរយៈការប្រើប្រាស់ជំនួយពីបរទេសមកផលិតកម្មវិធី VOD ដើម្បីឃោសនាបំភ្លៃព័ត៌មានជួយជំរុំព្រះអាទិត្យ ដោយម្ចាស់ជំនួយមួយចំនួន អាចមិនដឹងរឿងនេះច្បាស់ទេ តែមួយចំនួនអាចដឹងតែធ្វើជាមិនដឹង ហើយពួកនេះ អាចប្រឈមនឹងការចោទប្រកាន់ពីការផ្តល់ជំនួយជួយដល់គណបក្សប្រឆាំងដោយមិនដឹងខ្លួន។ ដូច្នេះក្រុមទាំងនេះពិតជាកំពុងធ្វើសកម្មភាព បម្រើឱ្យមហិច្ឆតាដ៏ងងឹតងងុលរបស់ប្រធានជំរុំព្រះអាទិត្យថ្មី «កឹម សុខា» ដែលកំពុងមានបញ្ហាចម្រូងចម្រាស់លើតួនាទីជាប្រធានបក្ស។
២៖ យឹម សុវណ្ណ បាននិងកំពុងដឹកនាំក្រុមបរិវារស្និទ្ធនឹង «សម រង្ស៊ី» ដែលជាប្រធានចាស់នៃជំរុំព្រះអាទិត្យ ក្នុងការរៀបចំយុទ្ធសាស្ត្រវាយប្រហារក្នុងសង្រ្គាមនយោបាយនេះ។ ក្រុមនេះស្ថិតនៅក្រោមបញ្ជាផ្ទាល់របស់ សម រង្ស៊ី ដែលទើបលាលែងពីតំណែងប្រធានបក្ស។ ការលាលែងនេះ គឺជាលេស ដើម្បីបោកប្រាស់ចិត្តរាស្ត្រឱ្យជឿថា ខ្លួនមិនស្រឡាញ់អំណាច ប៉ុន្តែតាមពិតគឺជាការគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់ នូវទង្វើខុសច្បាប់នានា ដែលខ្លួនបានប្រព្រឹត្តកន្លងមក។ ចិត្តសាស្ត្រនេះ ទទួលបានការគាំទ្រពីបរិវារមួយចំនួនតូច ដែលមិនដឹងពីល្បិចកលពិតប្រាកដរបស់បុគ្គល សម រង្ស៊ី ហើយនៅតែបន្តចូលរួមក្នុងសង្រ្គាមចិត្តសាស្ត្រនេះ ដោយមិនដឹងខ្លួន។ ទន្ទឹមនឹងនេះ សម រង្ស៊ី កំពុងចេញផ្សាយក្លីបវីដេអូជារៀងរាល់ថ្ងៃ ដើម្បីបំភ័ន្តការពិត និងចិញ្ចឹមចិត្តដណ្តើមយកបេះដូងរាស្ត្រ ដែលខ្វះការយល់ដឹងស៊ីជម្រៅលើល្បិចកលនយោបាយរបស់ក្រុមអគតិនេះ។ ស្របពេលគ្នានេះ កឹម សុខា បាននិងកំពុងពង្វាងដានស្ថានភាពនយោបាយ ក៏ដូចជាវិបត្តផ្ទៃក្នុងបក្ស ដោយធ្វើជាខំប្រឹងចុះមូលដ្ឋាន ដើម្បីទាញយកប្រជាប្រិយភាព និងការគាំទ្រពីរាស្ត្រ ក្នុងនាមជាប្រធានជំរុំថ្មី។
៣៖ យ៉ែម បុញ្ញរិទ្ធិ ដែលស្និទ្ធនឹងប្រធានថ្មីនៃជំរុំព្រះអាទិត្យ ជាអ្នកដឹកនាំក្រុមបរិវារធំទី២។ យ៉ែម បុញ្ញរិទ្ធិ និងកូនប្រធានថ្មីជំរុំព្រះអាទិត្យម្នាក់ឈ្មោះថា កឹម មនោវិទ្យា ក្រោមបញ្ជាផ្ទាល់ពី កឹម សុខា ជាអ្នកគ្រប់គ្រងលើប្រព័ន្ធ ឃោសនាការរបស់ជំរុំនេះ។ ក្រុមនេះបង្កើត និងគ្រប់គ្រង Facebook Account ចំនួន២គឺ «Cambodia Hot News 1» និង «Cambodia Hot News 2»។ ដោយឡែក យឹម សុវណ្ណ មាន Account ក្លែងក្លាយមិន សូវល្បីមួយឈ្មោះថា «អ្នកចម្បាំង»។ ក្រុមនេះមានបេសកកម្ម កូតទ្រ ទូងស្គរ និងបន្ទរដោយចាក់មេក្រូ ធ្វើការវាយប្រហារផ្នែកចិត្តសាស្ត្រ ផ្សព្វផ្សាយគោលការណ៍ ដោយប្រើអត្ថបទនិងព័ត៌មានបំភ្លៃ ក្នុងគោលបំណងបង្វែរស្ថានការណ៍ផ្ទៃក្នុងបក្ស និងបំភ័ន្តភ្នែកសាធារណជន ឱ្យយល់ច្រឡំទៅលើគូបដិបក្ខ។
៤៖ ក្រុមសកម្មប្រយុទ្ធឈរជើងនៅឯបរទេស រួមមាន ជនអនាមិក ដែលមាន Account ឈ្មោះ «សុវណ្ណភូមិ» និងគ្នីគ្នាប្រមាណ៣ទៅ៤នាក់ទៀត បានសង់បន្ទាយម្នាក់១ៗនៅឯជើងមេឃ។ ពួកគេបាញ់ផ្តក់មីស៊ីល ម្តងម្កាលមកលើបន្ទាយទេវតា ដើម្បីគាំទ្រ មុត ចន្ថា អ្នកកាសែតប្រឆាំង និងក្រុមបរិវារ ដែលជាកម្លាំងប្រយុទ្ធក្នុងស្រុកដើរតាមមាគ៌ាប្រធានថ្មី ក្នុងការប្រឹងជ្រោងទង់ព្រះអាទិត្យឱ្យមានពន្លឺឆ្អិនឆ្អៅឡើងវិញ។ អ្វីៗមិនដូចបំណងនោះទេ ពីព្រោះជួនកាល គ្រាប់មីស៊ីលដែលបាញ់ចេញដោយយុទ្ធមិត្តរបស់ខ្លួននៅឯក្រៅប្រទេសធ្លាក់ខុសគោលដៅ ហើយបែរជាធ្លាក់ចំជំរុំគ្នាឯង ធ្វើឱ្យទ័ពរបស់ខ្លួននៅក្នុងសមរភូមិភ័យរត់រប៉ាត់រប៉ាយ ដែលបង្កឱ្យពួកគេមានការងឿងឆ្ងល់ថា ជាក្រុមខាងណា បានជាម្តងម្កាលបាញ់ធ្លាក់ក្នុងបន្ទាយគ្នាឯងវិញ?
៥៖ កងឈ្លប ដែលសំងំលាក់ខ្លួន និងបង្កប់ក្នុងស្រទាប់សាធារណជន រួមមាន៖ អ៊ូ វីរៈ, ចក់ សុភាព, សង្ឃ លួន សាវ៉ាត, សង្ឃ ប៊ុត ប៊ុនតិញ និងប្រធានអង្គការសមាគមន៍មួយចំនួន។ល។ បានយកឈ្មោះអង្គការជាខែល យករឿងសង្គមជាឡប់ឡែ និងយកប្រជាជនជារនាំង ដើម្បីជួយការពារពួកគេ នៅពេលដែលមានបញ្ហាប្រឈមនឹងច្បាប់។ ដោយមានអ្នកផ្គត់ផ្គង់ស្បៀង និងសម្ភារៈសឹកពីពួកបស្ចឹមប្រទេស ពួកនេះតែងតែលើកយកបញ្ហា ដដែលៗ គ្មានអ្វីក្រៅពីបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងព្រៃឈើ ។ល។ ធ្វើជារបៀបវារៈ សម្រាប់វាយប្រហារដោយលំអៀងទៅរកបក្សប្រឆាំង។ ពួកនេះប្រឹងធ្វើសព្វយ៉ាង ព្រោះពួកគេសង្ឃឹមថា នឹងបានតំណែងជាតំណាងរាស្ត្រ រដ្ឋមន្ត្រី និងមេទ័ពធំណាមួយ ដូចដែលប្រធានថ្មីនៃជំរុំព្រះអាទិត្យ និងអ្នកមួយចំនួនទៀតដែលបានជ្រកក្រោមទង់ព្រះអាទិត្យធ្លាប់ធ្វើកន្លងមក។ ដូច្នេះពួកគេក៏មិនខុសពីក្រុម ប៉ាង ងួនទៀង ទេ ដែលលាក់មុខបម្រើមហិច្ឆតានយោបាយឱ្យជំរុំព្រះអាទិត្យ ដោយពឹងជំនួយពីបរទេស។
៦៖ ក្រុមជំនុំនយោបាយមួយទៀតគឺ «Cambodian Professional (CAMPRO)» ដែលជាក្រុមពិភាក្សានយោបាយ ក្រុមបំពេញនូវមនោគមវិជ្ជាឈានមុខ និងជាក្រុមចារកម្មតាមដានសាច់រឿងនយោបាយ។ ក្បាលម៉ាស៊ីនដឹកនាំក្រុមនេះ និងសមាជិកមួយចំនួនធំ តែងតែជជែកវែកញែក និងបញ្ចេញសារនយោបាយ ដោយចេតនាបំភ្លៃការពិតអំពីបញ្ហានៅកម្ពុជា។ ពួកនេះតែងតែអួតក្អេងក្អាងថា ខ្លួនជាបញ្ញវន្ត ជាអ្នកស្នេហាជាតិ ជាអ្នកវិភាគឯករាជ្យ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ ប៉ុន្តែតាមការពិត ពួកនេះហាក់បីដូចជាអាយ៉ងរបស់បស្ចឹមប្រទេស ហើយមានមហិច្ឆតានយោបាយដូចពួកបក្សប្រឆាំងដែរ។
៧៖ ប្រធានជំរុំព្រះអាទិត្យប្រើគ្រប់រូបភាព មានទីប្រឹក្សាយុទ្ធសាស្ត្រពីបស្ចឹមប្រទេស និងបញ្ញវន្តខ្មែរមិនចប់សាលា លួចលាក់មុខគាំទ្រពីក្រោយ រួមមាន សូរ សមយុទ្ធ ជាដើម ដែលជាកវីនយោបាយក្មេង និងដើរតាមមាគ៌ារបស់ កឹម សុខា និងញ៉ែម បុញ្ញរិទ្ធិ ដើម្បីប្រកាសអាសន្នពីការវាយប្រយុទ្ធខាងស្មារតី និងចិត្តសាស្ត្រនយោបាយ។ ក្រុមរៀបរាប់ខាងលើ ពួកគេបំបែកគ្នាជាច្រើនក្រុម ច្រើនមុខព្រួញ និងមានច្រើនបន្ទាយ និងក៏មានកូនខ្ទម លាក់ទ័ពផងដែរ។
យុទ្ធសាស្ត្រគ្រាន់តែជាយុទ្ធសាស្ត្រ តែអ្វីផ្តេសផ្តាស ពួកគេនៅតែមិនអាចលាក់កំបាំងពីភ្នែកទិព្វ ច្រមុះទិព្វ និងត្រចៀកទិព្វរបស់ក្រុមទេវតាបានឡើយ។ នៅពេលដែលបន្ទាយទេវតាបានបើកការប្រយុទ្ធម្តងៗ ជំរុំព្រះអាទិត្យតែងតែទទួលរងការវាយប្រហារ និងការខូចខាតយ៉ាងដំណំ ហើយជាលទ្ធផលបន្ទាយជាច្រើនបានឆេះបន្តគ្នា ទ័ពខ្លះរត់ផាសក្រញាំបាតជើងសព្រាតទៅបង្កើតជាខ្ទមថ្មីគ្រាន់លាក់ខ្លួន។ ពេលខ្លះ ទ័ពបាក់ស្បាតទាំងនេះបន្លំខ្លួនជា «ខ្ទមស្រែ» «ខ្ទមអុក» និងកូនខ្ទមផ្សេងៗទៀត ដែលមានអ្នកញៀនល្បែងមួយនោះនៅអាចបន្តបន្លំខ្លួនផង គេចខ្លួនផង។
អ្វីៗមិនបានលាក់ពីកែវភ្នែក សុភាទន្សាយ ដែលតែងស៊ីស្មៅស្រែក្បែរខ្ទមរយីករយាកទាំងនោះ។ ក្រោយរងការប្រហារ ជំរុំព្រះអាទិត្យបានឆេះ និងក្លាយទៅវាលរហោឋានយ៉ាងស្ងាត់ជ្រងំ។ ម្តងម្កាលគេលឺសម្លេងផ្ទុះចេញពីជំរុំ ដែលកំពុងតែឆេះ ហើយគ្មានអ្វីក្រៅពីសម្លេងបំពង់ប្ញស្សីដែលផ្ទុះចេញ ដោយសារងងើកភ្លើងនៅតែបន្តរំលាយរូបរាងជំរុំនេះ ហើយជួនកាល គេលឺសម្លេងផ្ទុះយ៉ាងកក្រើក តាមពិតវាជាគ្រាប់ដែលក្រុមមេកងធំ ជំរុំព្រះអាទិត្យបន្សល់ទុកក្រោយរត់យកតែព្រះអាយ៉ូស។ ឥឡូវជំរុំព្រះអាទិត្យត្រូវបានគេមើលឃើញថា ជាជំរុំខ្មោច ហើយកន្លែងនេះបានក្លាយជាទីរហោឋាន ដែលធ្វើឱ្យគេព្រឺក្បាលភ័យខ្លាច ដោយសារនៅតែមានស្នូរផ្ទុះ ដោយឯកឯង គ្មានមនុស្សនៅសោះនោះ។ ពិតណាស់ អ្វីដែលបន្សល់ទុកនៅជំរុំព្រះអាទិត្យ គឺជាទង់ក្រពើ មិនមែនទង់ព្រះអាទិត្យទេ៕
ដោយ៖ សុភាទន្សាយ