(ពោធិ៍សាត់)៖ រដ្ឋបាលខេត្ត និងមន្ទីរអប់រំយុវជននិងកីឡាខេត្ត សហការជាមួយមជ្ឈមណ្ឌលកីឡាវាលឥន្ទ្រីយ៍ ដែលមានទីតាំងនៅក្នុងភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ បានរៀបចំបើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ រយៈ២សប្តាហ៍ ដើម្បីទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់។
លោក លី សុគន្ធី ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹង ក្រុមកីឡាដែលបានដាក់ពាក្យសុំចូលរួមប្រកួតមាន១៧ក្រុម និងមានកីឡាករចំនួន៣៩១នាក់ ក្នុងនោះក្របខណ្ឌមន្ត្រីរាជការមាន៨ក្រុម មានកីឡាករ ១៨៤នាក់មកពីក្រុមកីឡាបាល់ទាត់ សាលាខេត្ត មន្ទីរសុខាភិបាល ស្រុកវាលវែង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អេស៊ីលីដាបាកាននិងក្រុមបាល់ទាត់សម្លា្ញញ់ UNITED ។ ក្របខណ្ឌមហាជន មាន៩ក្រុម កីឡាករចំនួន២០៧នាក់មកពី ក្លឹបបាល់ទាត់សាមគ្គីពោធិ៍សាត់ យុវជនឃុំសំរោង ស្រុកភ្នំក្រវាញ ខេអិចសេវិន រមាសយក្យបន្ទាយដី ក្រញាំឥន្ទ្រីយ៍ រតនាគារ Star FC, Snakeនិងក្លឹបបាល់ទាត់សាំមូរ៉ៃ ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានថ្លែងក្នុងពិធីបើកការប្រកួតនោះថា នេះគឺជាលើកទី១ដែលរដ្ឋបាលខេត្ត បានរៀបចំបើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ របស់លោក ម៉ៅ ធនិន អភិបាលខេត្ត ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ដើម្បីទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ដែលឈានចូលមកដល់ខាងមុខនេះ។ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ គណៈកម្មការ អនុគណៈកម្មការ ប្រតិភូដឹកនាំក្រុមកីឡាករ ពិសេសមន្ត្រីបច្ចេកទេស រៀបចំ និងចូលរួមប្រកួតកីឡាបាល់ទាត់ បញ្ជាក់ឱ្យឃើញពីកាយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅក្នុងខេត្ត កាន់តែមានភាពរីកចម្រើន នៅតាមគ្រឹះស្ថាន និងមន្ទីរ អង្គភាព។ សកម្មភាពអប់រំកាយនិងកីឡា គឺជាសមាសភាពមួយ ធ្វើឱ្យយុវជន និងប្រជាជនរបស់យើងទទួលបាន នូវសុខភាព ល្អ ប្រាជ្ញាឈ្លាសវៃ និងកាយសម្បទាមាំមួន។
ក្នុងរយៈពេល២សប្តាហ៍ នៃការប្រកួតកីឡាបាល់ទាត់ លោកសូមផ្តាំផ្ញើដល់កីឡាករទាំង អស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់សមត្ថភាព ទេព្យកោសល្យតាមក្រុម និងក្លឹមនីមួយៗ ដើម្បីទទួលបានពានរង្វាន់ជូនអង្គភាពរបស់ខ្លួនផង និងក្នុងន័យចូលរួមសប្បាយរីករាយទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់យើង ឆ្នាំរកា នព្វស័ក ពស២៥៦១ ដែលចូលមកដល់ឆាប់ៗខាងមុខនេះ។ លោកសង្ឃឹមនិងជឿជាក់ លើស្មារតីនៃការខិតខំប្រឹងប្រែងរបស់កីឡាករ សំដៅធ្វើយ៉ាងណាឱ្យការប្រកួតនេះដំណើការទៅមានភាព រលូន តម្លាភាព និងដណ្តើមយកឱ្យបាននូវចំណាត់ថ្នាក់ ដើម្បីទទួលពានរង្វាន់របស់លោក ម៉ៅ ធនិន នៅពេលបញ្ចប់ការប្រកួត៕