(សៀមរាប)៖ គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែន អន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានឯកភាពគ្នាពង្រឹងផ្នែកជំនាញ ច្រកទ្វារឲ្យកាន់តែរឹងមាំ ដើម្បីបុព្វហេតុសន្តិសុខជាតិ និងផ្តល់បដិសណ្ឋារកិច្ចល្អចំពោះភ្ញៀវទេសចរ។
ទិសដៅការងារខាងលើ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គ លើកទី៣ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត សៀមរាប ក្រោមអធិបតីភាពរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ និងមានវត្តមានចូលរួមពី លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ អន្តរក្រសួង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងវត្តមានលោកអភិបាល-អភិបាលខេត្តរងមួយចំនួន រួមនិងថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួង អង្គភាព ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធប្រមាណ១០០នាក់។
ក្រោយពីបានស្តាប់របាយការណ៍បូកសរុបប្រចាំឆ្នាំ និងបទបង្ហាញស្តីពី កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច រួចមក អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុស និងបានឯកភាពគ្នា លើផែនការងារមួយចំនួន រួមមាន៖
១៖ បន្តពង្រឹងផ្នែកជំនាញទាំងអស់នៅច្រកទ្វារអន្តរជាតិឲ្យកាន់តែរឹងមាំ ដើម្បីបុព្វហេតុសន្តិសុខជាតិនិង ទទួលស្វាគមន៏ ទេសចរ អោយបានល្អ។
២) គ្រប់សមត្ថកិច្ចទាំងអស់ដែលកំពុងបំពេញភារកិច្ចនៅគ្រប់ច្រកទ្វារអន្តរជាតិ ទាំងផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក ព្រមទាំងផ្នែកអាជីវកម្មលក់ដូរ និងផ្តល់សេវានានាត្រូវខិតខំបន្តរៀនសូត្រផ្នែកជំនាញបដិសណ្ឋារកិច្ចឲ្យបានល្អ ដើម្បីឆ្លើយតបកម្មវិធីបដិសណ្ឋារកិច្ចរបស់ជាតិទាំងមូល National Agenda ដើម្បីស្វាគមន៍ភ្ញៀវទេសចរ អោយបានល្អ។
៣) ខិតខំសហការជាមួយស្ថាបន័ពាក់ពាន់ ដើម្បីសិក្សាកែសម្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅមាត់ច្រកទ្វារអន្តរជាតិ ឲ្យបានល្អប្រសើរ ពិសេសចំពោះមុខជំរុញការសាងសង់អាគារអ្នកដំណើរ នៅច្រកទ្វារអន្តរជាតិបោយប៉ែតអោយបានឆាប់ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
៤) ស្នើសុំថ្នាក់លើ ដើម្បីពិនិត្យបំពេញបន្ថែមកម្លាំងជំនាញសមត្ថកិច្ច ពិសេសកម្លាំងនគបាលអន្តោប្រវេសន្ត(លើជំនាញភាសា)នៅតាមច្រកទ្វារអន្តរជាតិ ឲ្យបានគ្រប់គ្រាន់ស្របតាមសំណូមពរ នៃការកើនឡើងទីផ្សារទេសចរសំខាន់ៗ ពិសេសទីផ្សារទេសចរចិន៕