(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿង បើកបុករះម៉ូតូ នៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលនៅជិតច្រមុះជ្រូកក្បាលថ្នល់នោះ បានបណ្តាលឲ្យស្លាប់៣នាក់ របួសជិត១០នាក់ និងខូចខាតម៉ូតូជិត១០គ្រឿង។ ជនបង្កត្រូវបានគេដឹងថា មានឈ្មោះ មាស សុខហេង អាយុប្រមាណ៣០ឆ្នាំ ជាអ្នកលក់ទូរសព្ទ័ដៃ នៅចាក់អង្រែក្រោម។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បង្កដោយរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M-2245។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនបង្ក បានបើក​រថយន្ត ពីជើងទៅត្បូងស្រាប់តែ ដល់ចំណុចកើតហេតុ ពោលនៅមុខអតីតរោងចក្រ គង់ហុង ស្រាប់តែជ្រុលទៅបុកជនរងគ្រោះ​ ប្រុសស្រី៣នាក់ កំពុងបើកឆ្លងផ្លូវក៏បុករួច ជ្រុលទៅបញ្ច្រាស់ផ្លូវ បើកបុករះម៉ូតូរបស់ប្រជាពលរដ្ឋផ្សេងទៀត ដែលកំពុងធ្វើដំណើរមកពីមុខ បណ្តាលឲ្យស្លាប់ និងរបួសយ៉ាងដូច្នេះ គួរឲ្យរន្ធត់តែម្តង។

ភ្នាក់ងារបានរាយការណ៍ទៀតថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យស្រ្តី២នាក់ និងបុរសម្នាក់ទៀត បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈអ្នករងគ្រោះរបួសជិត១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។

បើតាមសេចក្តីរាយការណ៍ថា ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយ​រថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ច​បានព្យាយាមជួយយកអ្នកបើករថយន្ត ចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍ ដោយសារតែមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹក ខ្លាចក្រែងផ្ទុះឆេះនៅពេល ប្រជាពលរដ្ឋវាយកម្ទេចនោះ។ សម្រាប់ស្រ្តីរងគ្រោះទាំង២នាក់ ដែលបានស្លាប់នោះ គឺជាបងប្អូនភ្លោះ ហើយត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈអ្នករបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

សម្រាប់រថយន្តបង្កដែលខូចខាតស្ទើរទាំងស្រុងនោះ និងម៉ូតូរបស់ជនរងគ្រោះផ្សេងទៀត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីចាត់ការបន្តទៀតតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ ស្ថានភាពរញ៉េរញ៉ៃ ដែលប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំងនោះ បានស្ងប់ស្ងាត់ទៅវិញ នៅប៉ុន្មានម៉ោងក្រោយ៕

សូមទស្សនាវិដេអូផ្សាយផ្ទាល់ពីកន្លែងកើតហេតុ៖

(ជនបើករថយន្តបង្កគ្រោះថ្នាក់ ត្រូវបានប្រជាពលរដ្ធព្រួតវាយក្រោយព័ទ្ធចាប់ខ្លួនបាន)