(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តី​ជូនដំណឹង ស្តីពីការរំលឹកការបង់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០១៦ ដោយអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ ដែលមិន​ទាន់មកដាក់លិខិតប្រកាស និងបង់ពន្ធ សូមប្រញាប់មកបំពេញកាតព្វកិច្ច ឲ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ខាងមុខ​នេះ។  

សេចក្តីជូនដំណឹងបានឲ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកចំពោះម្ចាស់ សហគ្រាសជាអ្នកជាប់ពន្ធទាំងឡាយ ដែលពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាស បង់ពន្ធឲ្យបានទាន់ពេលវេលា។ ការខកខាន​មិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលវេលា អ្នកជាប់ពន្ធនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន»។

លើកពីនេះទៅទៀតនោះ ទាក់ទិននឹងការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល២ឆ្នាំ សម្រាប់ការចុះបញ្ជីដោយស្ម័គ្រចិត្តរបស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលរាជរដ្ឋាភិបាលចេញ​អនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ អគ្គនាយដ្ឋានពន្ធដារសង្កេតឃើញមានការភ័ន្តច្រឡំ ថាការលើកលែងពន្ធលើប្រាក់ចំណូលនេះ ត្រូវបានអនុវត្តជាទូទៅ លើសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យមទាំងអស់ ដែលនាំឲ្យសហគ្រាសមួយចំនួន ខកខានមិនបានមកបំពេញកាតព្វកិច្ចដាក់លិខិត ប្រកាសបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំឡើយ។

អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការបញ្ជាក់ជូនថា «ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល២ ឆ្នាំនេះ ផ្តល់ឲ្យចំពោះតែសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលមកចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុងឆ្នាំ២០១៧ និង២០១៨ប៉ុណ្ណោះ»៕

សូមអានសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖