(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ទទួលការងារបុគ្គលិក នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានណែនាំដល់មន្រ្តីអាវុធហត្ថ មកពីទីបញ្ជាការដ្ឋានអាវុធហត្ថទូទាំងរាជធានី-ខេត្ត ពីការបែងចែកភារកិច្ច និងការទទួលខុសត្រូវ តាមជំនាញនីមួយៗ។
ការបែងចែកនេះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរទាំង៥ ការិយាល័យ សមាជិក និងកងអនុសេនាធំចល័ត។
លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានលើកឡើងថា តាមមតិដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន និងជាមេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស ក្រោយទទួលបានផែនការជំនាញ បានចុះផ្សព្វផ្សាយ ដើម្បីឲ្យជ្រួតជ្រាបអំពីផែនការនេះ ដើម្បីធានាដល់ការដឹកនាំរបស់អង្គភាពរាជធានី-ខេត្ត អនុវត្តបន្តប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានតម្លាភាព ក្នុងកិច្ចការដែលបានដាក់ជូនថ្នាក់ក្រោមអនុវត្ត៕