(កំពង់ចាម)៖ បេក្ខជនក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកព្រៃឈរ ខេត្តកំពង់ចាម សុទ្ធតែបានអះអាងថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមីនុថា ខាងមុខនេះ ខ្លួននឹងព្យាយាមដណ្តើម យកឈ្នះជូនគណបក្សប្រជាជនកម្ពុជា ឲ្យខាងតែបាន តាមរយៈការខិតខំបំពេញភារកិច្ចការងារ តាមអ្វីដែលជាកម្មវិធីនយោបាយរបស់គណបក្ស ការណែនាំរបស់ក្រុមការងារ ជាពិសេសការប្រឹងប្រែងកសាងទំនុកចិត្ត ពីប្រជាជនថែមទៀត។
ជាមួយនេះ ប្រធានក្រុមប្រឹក្សាឃុំដែល ជាប្រធានគណៈកម្មាធិការបក្សឃុំនីមួយៗ ក៏បានបញ្ជាក់ដែរថា គ្មានការរើសអើងណាមួយ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ ដូចការលើកឡើងរបស់គណបក្សប្រឆាំងនោះទេ។ ការផ្តល់ជូន គឺធ្វើឡើងដោយ ស្មើភាព មិនគិតពីនិន្នាការនយោបាយអ្វីឡើយ។
ទោះយ៉ាងណាក៏ដោយ ក្នុងពេលជួបសំណេះសំណាលជាមួយ បេក្ខជនពេញសិទ្ធិ ក្រុមប្រឹក្សាឃុំទាំង១៥ រួមទាំងសកម្មជន យុវជនជាង២០០នាក់ នៅទីស្នាក់ការបក្សស្រុកព្រៃឈរ នាថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ លោក ជ្រុន ថេរ៉ាវ៉ាត់ អនុប្រធានគណៈពង្រឹង ស្រុកព្រៃឈរ និងជាប្រធានជនបង្គោលយុវជនស្រុក ជាតំណាង លោក ហ៊ុន ម៉ាណែត និងក្រុមការងារ បានជម្រុញឲ្យបេក្ខជនទាំងអស់បង្កើនការធ្វើអំពើល្អ ផ្តល់សេវាសាធារណៈកាន់តែប្រសើរ ហើយត្រូវយកចិត្តទុកដាក់ចុះតាមខ្នងផ្ទះ ផ្សព្វផ្សាយពីនយោបាយ ក៏ដូចជាសមិទ្ធិផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្សល់ទុករយៈពេល៣៨ឆ្នាំមកនេះ ព្រមជាមួយនឹងការប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ តាមរយៈគោលនយោ បាយលើកទឹកចិត្តទាំងឡាយ។
សម្រាប់ លោក ជ្រុន ថេរ៉ាវ៉ាត់ ការបកស្រាយជូនប្រជាពលរដ្ឋ លើបញ្ហាមួយចំនួនដែលបក្សប្រឆាំង ដើរឃោសនាកេងចំណេញនយោបា យគឺជារឿងចាំបាច់ដែលសកម្មជន និងបេក្ខភាពក្រុមប្រឹក្សាឃុំទាំងអស់ត្រូវតែ ព្យាយាមពន្យល់ដល់ពួកគាត់ ព្រោះនៅតាមមូលដ្ឋានប្រជាពលរដ្ឋ មិនបានមើលឃើញទំលំទូលាយ យល់ស៊ីជម្រៅ ទៅលើ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ និងអភិវឌ្ឍន៌ប្រទេសជាតិ៕