(កំពត)៖ មេចោរប្លន់ប្រដាប់ងាវុធ២នាក់ ដែលកម្លាំងនគរបាល បើកប្រតិបត្តិការតាមចាប់ខ្លួន បានដោយជោគជ័យ នៅទឹកដីស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅគល់ស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ បានសារភាពថា ពួកគេធ្លាប់ចេញប្លន់ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ រហូតដល់មានការបាញ់សម្លាប់ និងរងរបួសជាច្រើននាក់ចំនួន២៥ដង។
ក្រុមចោរទាំង២នាក់ បានសារភាពថា ពួកគេធ្លាប់ចេញប្លន់ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ ហើយពួកគេទាំង២នាក់ ក៏ត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខ ឲ្យពន្ធនាគាររហុតដល់១៣ឆ្នាទៀតផង។
មេចោរប្លន់ប្រដាប់អាវុធទាំង២នាក់ ដែលត្រូវបង្ក្រាបបានដោយជោគជ័យនៅពេលនេះទី១ឈ្មោះ ម៉ៅ គឹមអេង ហៅចន និងទី២ឈ្មោះ ចាន់ រដ្ឋ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ក្រុមចោរប្លន់ដោយប្រើអាវុធ K59 និងAK បានធ្វើសកម្មភាពប្លន់នៅខេត្តកំពង់ស្ពឺ៩លើក នៅខេត្តកែបចំនួន៣លើក នៅខេត្តព្រះស៊ីហនុ ចំនួន៣លើក និងនៅខេត្តកំពតចំនួន១០លើក។
បើតាមលោកស្នងការ ឈ្មោះ ចាន់ រ័ត្ន មានសាលក្រមដាក់ពន្ធនាគារពីតុលាការចំនួន១៣ឆ្នាំ ពីបទប្លន់សម្លាប់ នៅភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។ រីឯឈ្មោះ ម៉ៅ គឹមអេង ហៅចន មានដីកាចាប់ខ្លួនពីបទ ប្លន់សម្លាប់នៅភូមិអង្គ្រង ឃុំកំពង់តា្រចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
សូមបញ្ជាក់ថា ប្រតិបត្តិការតាមបង្ក្រាបក្រុមចោរទាំងនេះ បានធ្វើឡើងដោយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលខេត្តកំពត ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងនាយឧត្តមសេនីយ៍ កង សាខន ព្រមទាំងមានការសម្របសម្រួលពី តំណាងអយ្យការរាជធានី-ខេត្ត ដែលពាក់ព័ន្ធទាំងនោះ។
សម្រាប់ក្រុមចោរទាំងនេះ ក៏បានសារភាពថា ពួកគេក៏បានបាញ់សម្លាប់ស្មៀនឃុំជាំសង្កែ នៅផ្សារតាឡាត់ ខេត្តកំពង់ស្ពឺ កាលពីជាង២ឆ្នាំមុនផងដែរ បន្ទាប់ពីជនរងគ្រោះបានទៅជួយ អ្នកលក់មាសដែលក្រុមចោរទាំងនេះកំពុងភ្ជង់ប្លន់។ យ៉ាងណាក៏ដោយ បក្ខពួកម្នាក់ឈ្មោះ លឹម ភី ត្រូវចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ និងនៅពេលនេះកំពុងជាប់នៅក្នុងពន្ធនាគារកំពត ខណៈគូរកនមួយចំនួនទៀត ព្រមទាំងអាវុធអាការ០១ដើមទៀត កំពុងរត់គេចខ្លួន៕