(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លោក ហ៊ូ ហេភីង អភិបាលខេត្តសាងស៊ី បានអញ្ជើញសម្តេចតេជោ ទៅសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំ នៅខេត្តសាងស៊ី ប្រទេសចិន។
លោក ហ៊ូ ហេភីង បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំខេត្តសាងស៊ី នឹងចូលរួមកាន់តែសកម្មថែមទៀត ក្នុងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ពិសេសលើវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានយល់ស្របទៅនឹងការ លើកឡើងរបស់ លោកអភិបាលខេត្ត និងបានទទួលយកនូវសំណើររបស់លោក ក្នុងការអញ្ជើញ ទៅចូលរួមក្នុងពិធី បើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំ ខេត្តសាងស៊ី។
សម្តេចតេជោ បានធ្វើការណែនាំដល់សហការីរបស់សម្តេច ពិសេសក្រសួងការបរទេសរបស់ប្រទេសកម្ពុជា ធ្វើការជាមួយនឹងថ្នាក់ដឹកនាំ ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីរៀបចំកម្មវិធីនៃការអញ្ជើញចូលរួមពិធីសម្ពោធ មជ្ឈមណ្ឌល ពាណិជ្ជកម្ម កម្ពុជាប្រចាំខេត្តសាងស៊ី ក្នុងពេលវេលាដ៏សមស្រប នាពេលខាងមុខ។
សូមបញ្ជាក់ថា លោក ហ៊ូ ហេភីង អភិបាលខេត្តសាងស៊ី បានកំពុងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា។ លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និង ពង្រីកបន្ថែមទៀតនូវទំនាក់ទំនងជាប្រពៃណី ពិសេសការអនុវត្ត ឲ្យកាន់តែស៊ីជំរៅថែមទៀត នូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសកម្ពុជា-ចិន៕