(ព្រៃវែង)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងរបស់ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ «អង្គការសង្គហសង្គមកម្ពុជា» ដែលអង្គការថ្មីនេះមានចក្ខុវិស័យប្រតិបត្តិការ លើសកម្មភាពអប់រំបណ្ដុះបណ្ដាល សកម្មភាពសប្បុរសធម៌ជួយសង្គម និងប្រជាពលរដ្ឋ មានទីតាំងនៅខេត្តព្រៃវែង។
នៅចំពោះមុខប្រជាពុទ្ធបរិស័ទ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើន ដែលចូលរួមនាឱកាសនោះ លោករដ្ឋលេខាធិការ នរ រតនៈវឌ្ឍនោ បានលើកឡើងថា «អង្គការសង្គហសង្គម គឺអង្គការមួយបម្រើឲ្យសង្គម មានការងារអប់រំ ការមនុស្សធម៌ ជួយបណ្តុះបណ្តាល ជួយដល់ជនក្រីក្រនៅក្នុងមូលដ្ឋាន»។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា អង្គការសង្គហសង្គមកម្ពុជាខាងលើ ជាដៃគូដ៏ល្អមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋដែលងាយជួបប្រទះ នូវបញ្ហារៀនសូត្រ ជីវភាពខ្វះខាត ព្រមទាំងផ្ដោតសំខាន់ទៅនឹងការអប់រំទូទៅ។
លោកក៏បានផ្ដាំផ្ញើឲ្យសិស្សានុសិស្សនៅខេត្តព្រៃវែង ធ្វើយ៉ាងណាត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ឲ្យបានប្រសើរសម្រាប់អនាគតរបស់ខ្លួនឯង និងដើម្បីបម្រើជាប្រយោជន៍ជូនសង្គមជាតិទាំងមូល៕