(ភ្នំពេញ)៖ យុវសិស្សវិទ្យាល័យ «ជម្ពូវ័ន» ថ្នាក់ទី១២ម្នាក់ ហេតុតែតាមស្រឡាញ់ និងសុំស្នេហ៍យុវតី ជាសិស្សវិទ្យាល័យ​រៀនជាមួយគ្នា តែនាងមិនព្រមស្រឡាញ់ ក៏គំរាមចាក់សម្លាប់នាង រួចគំរាមចាក់សម្លាប់ខ្លួនឯងតាមក្រោយ។ មិត្តភ័ក្ររបស់​នារីរងគ្រោះ បានលឺពាក្យគំរាមយ៉ាងដូចច្នេះ ក៏បានទៅប្រាប់ម្តាយយុវតីរងគ្រោះ ខណៈពេលនោះ ម្តាយក៏ទៅប្តឹងនាយក​សាលាភ្លាមៗ ហើយលោកគ្រូក៏ បានឆែកក្នុងកាបូបស្ពាយរបស់យុវសិស្សនោះ ឃើញដាវសាម៉ូរៃ១ដើម ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញវិទ្យាល័យ «ជម្ពូវ័ន» នៅវេលាម៉ោង០៣៖៣៦នាទីសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងថ្នាក់១២ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា យុវសិស្សដែលគំរាមចាក់សម្លាប់យុវតីរងគ្រោះឈ្មោះ ភី លីដា អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់១២នៃ​វិទ្យាល័យ «ជម្ពូវ័ន» រស់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯយុវតីរងគ្រោះអាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំង​ពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យុវសិស្សសង្ស័យ បានលួចស្នេហ៍យុវតីខាងលើ អស់រយៈពេលជាយូរមកហើយ តែនាងមិនព្រមទទួលក្តីស្រឡាញ់​ពីយុវជនខាងលើព្រោះ ពីព្រោះកំពុងនៅរៀនមិនអាចមានស្នេហាបានឡើយ។ ដោយសារតែនាងមិនព្រមទទួលក្តីស្នេហា យុវជនឈាមរាវកើតទុក្ខមិនសុខចិត្តខឹងនាងជាខ្លាំងរហូត ប្រើពាក្យគំរាមសម្លាប់ចោលរួចហើយ និងគំរាមសម្លាប់ខ្លួនឯង​នៅតាមក្រោយ។ នៅពេលនេះជនសង្ស័យ កំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច​ ដើម្បីចាត់ការតាមច្បាប់៕