(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃចន្ទនេះបានចាត់ទុកថា អ្នកឃ្លាំមើល និងអ្នកវិភាគ ដែលនិយាយថា សមាជរើសតាំងមេបក្សថ្មី របស់គណបក្សប្រឆាំង មិនខុសច្បាប់ គ្រាន់តែទស្សនៈលំអៀងមួយប៉ុណ្ណោះ។ លោកបានអះអាងថា សមាជវិសាមញ្ញ គណបក្សប្រឆាំង មិនខុសច្បាប់ទេ ប៉ុន្តែវាខុសលក្ខន្តិកៈ ដែលតម្កល់នៅក្រសួងមហាផ្ទៃ ហើយលក្ខន្តិកៈនោះបានក្លាយជាច្បាប់ សម្រាប់គណបក្សនីមួយៗអនុវត្ត។

ការអះអាងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន អ្នកឃ្លាំមើលការបោះឆ្នោត និងអ្នកវិភាគមួយចំនួន បានលើកឡើង តាមបណ្តាញ សារព័ត៌មានកាលពីម្សិលមិញថា ពួកគេពុំបានមើលឃើញថា សមាជវិសាមញ្ញ របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃ០២ ខែមីនា ឆ្នាំ២០១៧ ខុសច្បាប់នោះទេ។

លោក សុខ ឥសាន បានលើកឡើងថា សមាជគណបក្សប្រឆាំង មិនខុសច្បាប់ទេ ប៉ុន្តែសមាជនេះបានខុសលក្ខន្តិកៈ ដែលតម្កល់ទុកនៅ ក្រសួងមហាផ្ទៃ ហើយលក្ខន្តិកៈនោះ បានក្លាយជាច្បាប់សម្រាប់គណបក្សនីមួយៗ។ លោកថ្លែងថា «សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ  កាលពីថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧ គឺជាការខុសលក្ខន្តិកៈបក្ស ទាំងស្រុង។លក្ខន្តិកៈបក្ស ដែលដាក់តំកល់នៅក្រសួងមហាផ្ទៃ បានក្លាយជាច្បាប់របស់ គណបក្សដែលចាំបាច់ត្រូតែអនុវត្តតាម»។

លោកបានបន្ថែមទៀតថា «គួរឲ្យអស់សំណើចណាស់ ដៃលអ្នកវិភាគខ្លះ និងអ្នកឃ្លាំមើលខ្លះធ្វើមើលមិនឃើញចំណុចខុសលក្ខន្តិកៈបក្សនេះ ដោយសារតែមានភ្នែកស្អុយ និងមានខួរលំអៀងខាងនយោបាយ កាន់ជើងគណបក្សប្រឆាំងទាំងទទឹងទិស។ ឥរិយាបថកាន់ជើងទាំងខុសច្បាប់នេះ គឺជាការជួយរុញឲ្យគណបក្សសាង្គ្រោះជាតិ ធ្លាក់ទឹកទាំងមិនអស់ចិត្ត»

គណបក្សសង្រ្គោះជាតិ បានរៀបចំសមាជ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនថ្មី ដឹកនាំគណបក្ស ក្រោយពេលដែល លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រោយសមាជនេះ លោក កឹម សុខា បានឡើងធ្វើជាប្រធានគណបក្ស ហើយ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង កាន់តំណែងជាអនុប្រធាន។

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានជូនដំណឹងថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ គឺផ្ទុយនឹងប្រការ៤៧ នៃលក្ខន្តិកៈគណបក្ស ដែលចែងថា ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណកម្មាធិការនាយក បើ៖ អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយគណកម្មាធិការនាយក ត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ពីក្នុងចំណោមសមាជិករបសខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០ បូក ១ នៃសមាជិកគណកម្មាធិការនាយកទាំងមូល ដើម្បីជួយការងារប្រធាន គណបក្សស្តីទី រហូតដល់ចប់អាណត្តិ។

ទោះជាយ៉ាងណា គណបក្សសង្រ្គោះជាតិ និង ក្រសួងមហាផ្ទៃ ក៏នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សារឿងនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ផងដែរ៕